ព្រឹត្តិការណ៍ប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង ត្រូវបិទបញ្ចប់ជាមួយនឹងការរកឃើញបេក្ខជនជ័យលាភីឆ្នើមៗជាច្រើនរូប
05-12-2025 15:50
(ស្វាយរៀង)៖ លោក ចាន់ វិចិត្រ អគ្គនាយរងនៃអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតំណាងលោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបិទការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ និងផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនជាប់ជ័យលាភីចំណាត់ថ្នាក់ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ។
ពិធីបិទការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥នេះ មានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោក ផូង សំណាង ប្រធាន ប.ស.ស សាខាខេត្តស្វាយរៀង, លោក ម៉ម ពោន តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោក ឃឹម បូរីយុទ្ធ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង និងលោក លោកស្រី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន តំណាងដៃគូអភិវឌ្ឍន៍ តំណាងក្រុមហ៊ុនឯកជន ព្រមទាំងប្អូនៗដែលជាសិស្សនិស្សិតជាច្រើននាក់ផងដែរ។
លោក ចាន់ វិចិត្រ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមលោកផ្ទាល់សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ព្រមទាំងសូមថ្លែងអំណរគុណដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យដំណើរការការប្រកួតប្រជែងជំនាញលើកនេះប្រព្រឹត្តទៅដោយទទួលបានជោគជ័យ និងលទ្ធផលគួរឱ្យកោតសរសើរ។
ជាមួយគ្នានេះ លោកសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី និងក្មួយៗ ទាំងអស់នឹងបន្តការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ដើម្បីនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់អង្គភាព និងសម្រាប់ប្រទេសជាតិ តាមរយៈការទទួលបានមេដាយក្នុងកម្មវិធីប្រកួតប្រជែងជំនាញបន្តទៀតក្នុងពេលអនាគតផងដែរ។
បើតាមនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ បានរៀបចំឡើងក្នុងរយៈពេល ៣ថ្ងៃ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ សម្រាប់ការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យតាមរយៈការប្រកួតគ្នាទៅតាមជំនាញនីមួយៗ ហើយគណៈកម្មការបច្ចេកទេសបានផ្តល់នូវសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវដែលធ្វើឱ្យកម្មវិធីប្រកួតប្រជែងជំនាញបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរជាមួយនឹងការចូលរួមដោយសប្បាយរីករាយពីសំណាក់ អ្នកចូលរួមទស្សនា និងអ្នកចូលរួមគាំទ្រតាមជំនាញនីមួយៗ។
សម្រាប់ការប្រកួតប្រជែង និងពិនិត្យសម្រេចផ្តល់មេដាយរបស់គណៈកម្មការរៀបចំ បេក្ខជនទទួលបានជ័យលាភីដូចខាងក្រោម៖
*ទី១៖ ជំនាញតបណ្តាញអគ្គិសនី
មេដាយមាស បានទៅលើបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, មេដាយប្រាក់ បានទៅបេក្ខជនមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង, មេដាយសំរិទ្ធ បានទៅបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
*ទី២៖ ជំនាញរចនាក្រាហ្វិក
មេដាយមាស បានទៅលើបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, មេដាយប្រាក់ បានលើបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, មេដាយប្រាក់ បានទៅលើបេក្ខជនមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។ និងបេក្ខជនមួយចំនួនទៀតមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បុងឃ្មុំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី ទទួលបានវិញ្ញាបនបត្រល្អប្រសើរផងដែរ។
*ទី៣៖ ជំនាញរចនាគេហទំព័រ
មេដាយមាស បានទៅបេក្ខជនពីមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, មេដាយប្រាក់ បានទៅលើបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន, មេដាយសំរិទ្ធ បានទៅលើបេក្ខជនមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង និងបេក្ខជន២រូបទៀត មកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានវិញ្ញាបនបត្រល្អប្រសើរ។
*ទី៤៖ ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច
មេដាយមាស បានទៅលើបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, មេដាយប្រាក់ បានទៅបេក្ខជនមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, មេដាយសំរិទ្ធ បានទៅបេក្ខជនមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។លោក មុត ចិន្តា បានបញ្ជាក់ថា មេដាយមាសទទួលបានប្រាក់រង្វាន់ ១,៥០០,០០០រៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ១,០០០,០០០រៀល, មេដាយសំរិទ្ធ ទទួលបានប្រាក់រង្វាន់ ៥០០០,០០០រៀល៕






























