សមាគមឧកញ៉ាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូល ពីការវិនិយោគលើវិស័យកសិកម្ម ប្រព័ន្ធតាមដានសត្វចិញ្ចឹម និងឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា
05-12-2025 15:50
(ភ្នំពេញ)៖ អ្នកឧកញ៉ា គួន ធីតា អនុប្រធានតំណាងឱ្យលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំកិច្ចពិភាក្សាតុមូលស្ដីពី «ការវិនិយោគលើវិស័យកសិកម្ម ប្រព័ន្ធតាមដានសត្វចិញ្ចឹម និងឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួម អមពីអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាជិកសមាគម ឧកញ៉ាកម្ពុជាជាច្រើនរូប ព្រមទាំងមានការចូលរួមពីលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា, តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងស្ថាប័នវិនិយោគតំបន់កេបិកនៃប្រទេសកាណាដា, អ្នកជំនាញ និងធុរជន/វិនិយោគិនកម្ពុជា និងកាណាដាជាច្រើនរូប។
កិច្ចពិភាក្សាតុមូលនេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ដោយប្រើបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ក្នុងគោលបំណងចូលរួម ជំរុញតម្លាភាពខ្សែច្រវាក់តម្លៃនៃការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ការជ្រៀតចូលទៅកាន់ទីផ្សារ និងការកសាងភាពធន់ក្នុងវិស័យទាំងនេះ តាមរយៈការកសាងសមត្ថភាព និងផ្ដល់ដំណោះស្រាយតាមបច្ចេកវិទ្យាទំនើប រួមចំណែកដល់ការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា គួន ធីតា បានថ្លែងសុន្ទរកថា ស្វាគមន៍ដល់អង្គប្រជុំទាំងមូល និងបានលើកឡើងអំពីទិដ្ឋភាពទូទៅនៃវិស័យកសិកម្ម ដែលជាវិស័យស្នូលមួយ ដ៏សំខាន់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះការចិញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃឈើ ក៏កំពុងមានការអភិវឌ្ឍ ប៉ុន្តែនៅក្នុងកម្រិតមួយទាបនៅឡើយ ដែលត្រូវការកិច្ចសហការ ការគាំទ្រ និងបច្ចេកវិទ្យាទំនើបមកជំរុញវិស័យទាំងនេះ ឱ្យកាន់តែល្អប្រសើរ តួយ៉ាងកិច្ចពិភាក្សានេះ មានការធ្វើបទបង្ហាញ អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលបង្ហាញដោយវាគ្មិន ជំនាញពីកាដាណាផងដែរ។
បន្ថែមលើនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានជម្រាបជូនជាសង្ខេប ដល់អង្គប្រជុំអំពីសាវតារ តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគមឧកញ៉ាកម្ពជា ដែលជាស្ថាប័នតែមួយគត់តំណាង ឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងមានសមាជិកប្រកបដោយសក្តានុពលជាបណ្ដុំធុរជន និងវិនិយោគិនធ្វើការវិនិយោគលើចម្រុះវិស័យ។
ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងក្នុងការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង ដែលជាវេទិកាមួយនឹងជួយជំរុញ ដល់ការស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅអំពីអ្វីដែលជាតម្រូវការជាក់ស្ដែងរវាងធុរជនកម្ពុជានិងកាណាដាក្នុងការធ្វើទំនាក់ទំនងធុរកិច្ច និងវិនិយោគរួមគ្នា។
ក្នុងនាមលោកមានតួនាទី លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោកសុំលើកទឹកចិត្ត និងផ្ដល់គាំទ្រពេញទំហឹង ដល់ធុរជននិងវិនិយោគិននៃប្រទេសទាំងពីរ សម្រាប់កិច្ចសហការធុរកិច្ចនានា ជាពិសេសលើគម្រោងធុរកិច្ចក្នុងវិស័យខាងលើនេះ ឱ្យលេចចេញជារូបរាងឡើង។
សូមជម្រាបផងដែរថា កិច្ចពិភាក្សាតុមូលនេះ ត្រូវបានសហការរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន CANCAP GLOBAL ដោយមានការគាំទ្រ ពីស្ថានទូតកាណាដាប្រចាំកម្ពុជា និងក្រុមហ៊ុន Référence Systèmes (Québec, Canada)។
ការរៀបចំកិច្ចប្រជុំនេះ ឆ្លុះបង្ហាញឱ្យឃើញអំពីឆន្ទៈរវាងភាគីកម្ពុជានិងកាណាដា ក្នុងការបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្មទៅវិញទៅមក ឱ្យកាន់តែសកម្មថែមទៀត បន្ទាប់ពីមានដំណើរទស្សនកិច្ចធុរកិច្ចក្រៅប្រទេស របស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួមអមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង «បេសកកម្មទាក់ទាញនិងជំរុញវិនិយោគ» នៅប្រទេសកាណាដា កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ និងពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលកន្លងមក។
លើសពីនេះ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះត្រៀមរៀបចំ «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦» នាពេលខាងមុខនេះ សមាគមឧកញ៉ាកម្ពុជា គ្រោងនឹងសហការជាមួយស្ថាប័ន Excellence Industrielle Siant-Laurent ដើម្បីរៀបចំជំនួបផ្គូផ្គងធុរកិច្ច ដើម្បីផ្ដល់ឱកាសដល់ធុរជន/វិនិយោគិនកម្ពុជា និងកាណាដាក្នុងការស្វែងយល់គ្នា និងទាញយកផលប្រយោជន៍ធុរកិច្ចផងដែរ៕






































