សម្តេចព្រះឧត្តមមុនី ជា សំអាង និមន្តបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តប្រាសាទទួលអណ្តូងមានជ័យ ក្រុងអរិយក្សត្រ
05-12-2025 15:55
(កណ្ដាល)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល បាននិមន្តក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តប្រាសាទទួលអណ្តូងមានជ័យ ក្រុងអរិយក្សត្រ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ សហការីមន្ត្រីសង្ឃ ព្រមទាំងព្រះគ្រូអនុគណទាំង ១៣ក្រុង ស្រុក ក្នុងខេត្តកណ្តាល និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង, លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ, អភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រជាច្រើននាក់។
នាឱកាសនោះសម្តេចព្រះឧត្តមមុនី ជា សំអាង បានមានថេរដីការថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលកត្តានេះអាចលូតលាស់ទៅមុខបាន ក៏អាស្រ័យលើកត្តាចម្បងបំផុតគឺ សុខសន្តិភាពពេញលេញ ដែលញ៉ាំងឱ្យប្រទេសជាតិរុងរឿង រីកលូតលាស់ស្ទើរគ្រប់វិស័យ ក្នុងនោះដែរ ពុទ្ធសាសនាយើងនេះ ដែលជាសាសនារបស់រដ្ឋ ក៏មានការលូតលាស់ទន្ទឹមគ្នាផងដែរ។ អាស្រ័យហេតុនេះ សូមចូលរួមការពារ ថែរក្សាសុខសន្តិភាពជាតិនេះឱ្យគង់វង្សបំផុត ទើបស្រុកកាន់តែរុងរឿងតទៅមុខជារៀងដរាប។
លោក ចាន់ តារា បានឱ្យយដឹងថា ពិតណាស់នៅក្រុងអរិយក្សត្រ មានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយក្នុងនាមអភិបាលក្រុង ប្ដេជ្ញាថានឹងធ្វើឱ្យក្រុងអរិយក្សត្ររីមចម្រើនឱ្យបានល្អ ហើយវិស័យពុទ្ធសាសនាក៍លូតលាស់ រីកចម្រើនផងដែរ ដើម្បីបងប្អូនពុទ្ធបរិស័តយើង ធ្វើបុណ្យគោរពតាមប្រពៃសាសនាព្រះពុទ្ធសាសនាឱ្យបានខ្ចាប់ខ្ចួន ។
លោកអភិបាលក្រុង បានបន្តថា វិស័យព្រះពុទ្ធសាសនានេះ ចូលរួមថែរក្សាសណ្ដាប់ធ្នាប់សង្គម បណ្ដុះបណ្ដាលធនធានមនុស្សឱ្យក្លាយជាបញ្ញវន្តច្រើនគ្នា ហើយពិសេសអ្នកប្រាជ្ញខ្មែរភាគច្រើនលើសលប់ កើតចេញពីអ្នកបួស ពោលគឺព្រះសង្ឃ ជាសរសរទ្រូងដ៏រឹងមាំ ក្នុងការចូលរួមជួយកសាងសង្គមជាតិឱ្យមានសណ្ដាប់ធ្នាប់ល្អ និងលូតលាស់ទៅមុខជានិច្ចនិរន្ត។
លោកអភិបាលក្រុងបានឱ្យដឹងទៀតថា៖ «នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកសាងវត្តអារាមបានរហូតទៅចំនួន ៥,១៣៣វត្ត មានព្រះសង្ឃ ៧៩,០០៥អង្គ ដែលនេះ សបញ្ជាក់ឱ្យឃើញថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤៣ឆ្នាំកន្លងមកនេះ»។
លោកអភិបាលក្រុងក៏បានអំពាវនាវឱ្យបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់អាចចូលរួមចាប់មគ្គផលបានក្នុងការចូលរួមកសាងព្រះវិហារថ្មីនេះតាមរយៈគណៈកម្មការវត្ត និងតាមរយៈធ្វើបុណ្យកឋិន ឬបុណ្យផ្កាផ្សេងៗជាដើមធ្វើទៅតាមកម្លាំងសទ្ធាជ្រះរបស់បងប្អូនប្រជាពលរដ្ឋ។
ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់ក្នុងទីអារាមនេះ ហើយការផ្តើមកសាងព្រះវិហារថ្មីក្នុងវត្តកើតទ្បើង ពីកិច្ចខិតខំប្រឹងប្រែងរបស់សប្បុរសជនទាំងអស់ក្នុងការកសាងកុសលផលបុណ្យប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយកសាងព្រះវិហារង្មីរបស់យើងនេះឱ្យបានគ្រប់ៗគ្នាទៅតាមសទ្ធាជ្រះថ្លារបាខ្លួន ដើម្បីលើកស្ទួយវិស័យពុទ្ធសាសនារបស់យើងឱ្យកាន់តែរុងរឿងឡើងៗ ៕




