រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យសមាគមគ្រូពេទ្យភ្នែកកម្ពុជា បន្ដលើកកម្ពស់សុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ពិសេសផលិតសារអប់រំផ្សព្វផ្សាយកាន់តែទូលំទូលាយ

05-12-2025 16:00

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានផ្ដាំផ្ញើនិងលើកទឹកចិត្ដដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវថែទាំគំហើញរបស់ប្រជាពលរដ្ឋ តាំងពីកុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់ ទាំងគំហើញផ្ទាល់ ទាំងការវិភាគវិទ្យាសាស្រ្ត ដើម្បីជួយលើកកម្ពស់សុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ពិសេសត្រូវផ្ដល់ ឬផលិតសារអប់រំជារូបភាព ឬវីដេអូផ្សព្វផ្សាយកានតែទូលំទូលាយ។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យបានថ្លែងបន្ដថា «សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ»

លោកសាស្ដ្រាចារ្យបានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា។

ដើម្បីបម្រើសេវាសុខភាពភ្នែកឱ្យបានកាន់តែប្រសើរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់ការណែនាំដល់សមគមគ្រូពេទ្យភ្នែកកម្ពុជា៖

១៖ ការបម្រើសេវាវិស័យសុខាភិបាល ក៏ដូចជាវិស័យចក្ខុសាស្រ្ត ត្រូវតែមានភាពទន់ភ្លន់ គោរពឱ្យបាននូវក្រមសីលធម៌គ្រូពេទ្យ ដើម្បីឱ្យអ្នកជំងឺទទួលបាននូវជំនឿទុកចិត្ត និងការព្យាបាលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ដើម្បីលើកដម្កើងសេវាសុខាភិបាលក្នុងស្រុក។
២៖ ទទួលជនចាស់ជរា ជនពិការ ប្រជាជនមានកម្រិតជីវភាពខ្វះខាត អោយទទួលបានសេវាព្យាបាលទាន់ពេលវេលា។
៣៖ ត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែក ជូនដល់ប្រជាជន តាមការផ្សព្វផ្សាយ ការអប់រំសុខភាពភ្នែកឱ្យបានដល់សហគមន៍ ទីជនបទដាច់ស្រយាលតាមរូបភាពផ្សេងៗ ដូចជា ការចែកខិត្តបណ្ណ ទស្សនាវដ្តី ការផ្សាយតាមវិទ្យុ-ទូរទស្សន៍ និងបណ្តាញសង្គមនានា ដើម្បីអប់រំប្រជាជនឱ្យមានការយល់ដឹងពីបញ្ហាភ្នែក ជួយទប់ស្កាត់ភាពពិការភ្នែក។
៤៖ បន្ត និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងតាមការជួយរកអាហារូបករណ៍ ឱ្យដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងបទពិសោធន៍នៅក្នុងប្រទេស និងនៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីក៏បានកោតសរសើរដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានសហការល្អគ្នាទាំងផ្នែកបច្ចេកទេស ក៏ដូចជាក្នុងភារកិច្ចវិជ្ជាជីវៈផងដែរ។ លោកសាស្រ្តាចារ្យ ណែនាំដល់គ្រូពេទ្យ យកចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗ មកធ្វើបទបង្ហាញ និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

សូមជម្រាបថាក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ Tetsuro OSHIKA, ប្រធានសមាគមចក្ខុរោគអាស៊ី ប៉ាស៊ីហ្វិក, លោកប្រធានមូលនិធិ Fred Hollow អង្គការដៃគូ និងសាស្រ្តាចារ្យ វេជ្ជបណ្ឌិត សមាជិក សមាជិក សមាគមនៃគ្រូពេទ្យកម្ពុជា សរុប ១៨០នាក់៕