លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្កំពត បន្តយកចិត្តទុកដាក់សាងសង់បណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋ
05-12-2025 16:37
(កំពត)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ, លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៥ និងទិសដៅបន្ត ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត ដោយមានការចូលរួមពីលោកប្រធានមន្ទីរ, អនុប្រធានមន្ទីរ, ប្រធាន, អនុប្រធានការិយាល័យ, និងមន្ត្រីជំនាញប្រមាណ ៣៨រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍ លោកប្រធាមន្ទីររួចមក អង្គប្រជុំបានពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមទៀត លើរបាយការណ៍ ក៏ដូចជាផែនការដែលបានដាក់ចេញ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ដើម្បីចូលរួមសម្រេចនូវផែនការប្រចាំឆ្នាំ ដែលបានកំណត់។
តាមរយៈរបាយការណ៍ដែលសម្រេចបាន លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ដែលជាការចូលរួមសម្រេច នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
បន្ថែមពីនេះទៀត លោកបណ្ឌិត ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដែលជាការតម្រង់ទិសការងារ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់របស់ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត ឱ្យបន្ដខិតខំប្រឹងប្រែង ចូលរួមអនុវត្តផែនការសកម្មភាពតាមកម្មវិធីអាទិភាពទាំង៥ ឱ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញ ដើម្បីឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗ កាន់តែច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន។
លោកបណ្ឌិត បានលើកឡើងថា ក្នុងរយៈពេល៤ត្រីមាស ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត បានយកចិត្តទុកដាក់ និងខិតខំអនុវត្ត នូវរាល់សកម្មភាពការងារ ដែលបានគ្រោងទុក និងការងារប្រគល់ជូនជាក់ស្តែងការងារបន្ទាន់ៗមួយចំនួន ដែលថ្នាក់ដឹកនាំប្រគល់ជូនមន្ទីរ ក្នុងគោលបំណងសំដៅ ជំរុញចក្ខុវិស័យ «កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និង ភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌»។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព ក្នុងគោលនយោបាយផែនការយុទ្ធសាស្រ្តជាតិ ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណា កាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងនៅទីក្រុង បន្តការអភិវឌ្ឍន៍ជនបទ លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់ធ្វើផ្លូវ និងពង្រឹងគុណភាពផ្លូវជនបទ ស្របតាមអនុប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្កំពត បន្តយកចិត្តទុកដាក់សាងសង់បណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋ ជាពិសេស គឺបន្តជំរុញការអនុវត្តយុទ្ធសាស្រ្ត ពង្រីកវិសាលភាពផ្គត់ផ្គង់ សេវាទឹកស្អាត អនាម័យ ការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនា និងគមនាគមន៍ និងជំរុញការធ្វើពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទ មានជីវភាពសមរម្យតាមរយៈការបង្កើត និងពង្រីកមុខរបរ បង្កើនប្រាក់ចំណូលបន្ថែម ឱ្យមានភាពរីកចំរើន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
បន្ថែមពីនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារកន្លងមក ហើយកិច្ចប្រជុំនៅថ្ងៃនេះ ក្នុងគោលបំណង ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារ ដែលបានធ្វើកន្លងមក និងរកឱ្យឃើញអំពីបញ្ហា និងការប្រឈមដែលកើតមានឡើង លើវិស័យអភិវឌ្ឍន៍ជនបទ និយាយដោយឡែក គឺខេត្តកំពតតែម្តង។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្សព្វផ្សាយ និងណែនាំអំពីគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញផងដែរ៕






























