អគ្គលេខាធិការ គ.ជ.ប បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេចក្តីព្រាង «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប» នៅខេត្តកំពត
05-12-2025 16:39
(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេចក្តីព្រាង «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប» នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ខេត្តកំពត។
អគ្គលេខាធិការ គ.ជ.ប បានបន្តថា គោលការណ៍ណែនាំនេះមានសារៈសំខាន់ដល់អង្គភាពថវិកា និងអង្គភាពពាក់ព័ន្ធដទៃទៀត នឹងត្រូវប្រើប្រាស់ជាឧបករណ៍ទ្រទ្រង់ និងជំរុញឱ្យ គ.ជ.ប រក្សាបាននូវការរៀបចំថវិកា ការអនុវត្តថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ទន្ទឹមនេះដែរ លោកសូមកោតសរសើរ និងថ្លែងអំណរគុណ ព្រមជាមួយការវាយតម្លៃខ្ពស់ដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប ចំពោះកិច្ចប្រឹងប្រែងក្នុងការសម្របសម្រួលរៀបចំដឹកនាំអង្គសិក្ខាសាលានេះ ដោយមានការសហការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវពីសំណាក់គ្រូឧទ្ទេស ដែលអញ្ជើញមកពីនាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើឱ្យអង្គសិក្ខាសាលាទាំងមូលទទួលបានលទ្ធផលជាផ្លែផ្កា និងគួរឱ្យមានមោទកភាពតាមការគ្រោងទុក។
ឆ្លងកាត់តាមការធ្វើបទបង្ហាញរបស់អស់លោកដែលជាគ្រូឧទ្ទេសមកពីនាយកដ្ឋាន ហិរញ្ញវត្ថុ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង រួមផ្សំជាមួយនឹងការខិតខំយកចិត្តទុកដាក់ពីសិក្ខាកាមទាំងមូល បានស្តែងចេញពីលទ្ធផលនៃការសិក្សារយៈពេលពេញមួយថ្ងៃនេះ បានញ៉ាំងឱ្យឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកទទួលខុសត្រូវ បានស្វែងយល់អំពីវិធាន នីតិវិធី និងទម្រង់បែបបទ ដែលមានចែងនៅក្នុងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ គ.ជ.ប។
អគ្គលេខាធិការ គ.ជ.ប សូមស្នើដល់មន្ត្រីជំនាញ ដែលទើបបានទទួលនូវចំណេះដឹង តាមរយៈសេចក្តីពន្យល់ណែនាំ និងការធ្វើបទបង្ហាញពីគ្រូឧទ្ទេស ក្នុងរយៈពេលមួយថ្ងៃនេះ សូមចូលរួមប្រើប្រាស់គោលការណ៍ណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់នៃការងារថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាព ក៏ដូចរបស់ គ.ជ.ប ទាំងមូល ដែលអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងផ្អែកលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការដែលរាជរដ្ឋាភិបាលប្តេជ្ញាថានឹងសម្រេចឱ្យបាននាពេលខ្លីខាងមុខ។
លោកសូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប ដែលបានខិតខំរៀបចំអង្គសិក្ខាសាលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការចូលរួមយ៉ាងសស្រាក់សស្រាំ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអស់លោក លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រី គ.ជ.ប។
សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប នេះនឹងត្រូវដាក់ជូនប្រធានពិនិត្យ និងសម្រេចប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០២៦ ខាងមុខនេះ៕



































