ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ និងការលុបបំបាត់​ការ​យក​ពន្ធត្រួតគ្នា (Video inside)

05-12-2025 16:44

(ភ្នំពេញ)៖ ព្រឹទ្ធសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពរបស់ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃដដែលនេះ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

លោក យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងមានសមាជិកព្រឹទ្ធសភាចំនួន ១រូបឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

លោក យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងពីរ និងមានសមាជិកព្រឹទ្ធសភាចំនួន៤រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងពីរ ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

៣៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ

២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង

រដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ

៣៖ ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពី លទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងមានសមាជិកព្រឹទ្ធសភាចំនួន២រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕