អតិថិជនបុរី ឡេង ណាវ៉ាត្រា បន្តមកពិគ្រោះយោបល់ក្រោមវប្បធម៌សន្ទនា ទទួលយកដំណោះស្រាយជាបន្តបន្ទាប់!
05-12-2025 16:57
(ភ្នំពេញ)៖ អតិថិជនមួយចំនួនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានបន្តមកពិគ្រោះយោបល់ជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាហើយ ទទួលយកដំណោះស្រាយជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើងនូវលើបណ្តាញសង្គមបានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារ បុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី៥ ខែធ្នូនេះ អតិថិជនគម្រោង៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយបញ្ចប់ ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា។ ទន្ទឹមគ្នានោះ បុរី ក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជន ខាតបង់អត្ថប្រយោជន៍ឡើយ។
ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារ បុរី ក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។
សូមជម្រាបដែរថា បុរី ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕















