ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉េកាំង សហការរៀបចំពិធីផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាទៅវិញទៅមកនូវភេសជ្ជៈ ម្ហូប និងចំណីអាហារខ្មែរ និងចិន
05-12-2025 17:04
(ប៉េកាំង)៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយសមាគមវិនិយោគ និងអភិវឌ្ឍឧស្សាហកម្មធន់ស្រាលចិន (China Light Industry Investment and Development Association) មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ឡាយហ្វ៍ទ្រី (Life Tree Cultural Promotion Center) និងក្លឹបអន្តរជាតិប៉េកាំង (Beijing International Club) បានរៀបចំកម្មវិធី Cambodia-China Liquor and Gourmet Cultural Exchange Salon Tasting Event «CAMBODIAN LIQUORS AND DELICACIES MEETS CHINESE BAIJIU-NATIONAL STANDARD TWELVE FLAVOR» នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រៀបចំពិធីផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាទៅវិញទៅមកនូវ ភេសជ្ជៈ ម្ហូប និងចំណីអាហារខ្មែរ និងចិន។
កម្មវិធីនេះមានការចូលរួមដោយ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក Zhao Shuang ប្រធានសមាគមវិនិយោគ និងអភិវឌ្ឍឧស្សាហកម្មធន់ស្រាលចិន លោក Zhang Mingzhou ប្រធានមជ្ឈមណ្ឌល ផ្សព្វផ្សាយវប្បធម៌ឡាយហ្វ៍ទ្រី មន្ត្រីស្ថានទូតកម្ពុជា និងតំណាងក្រុមហ៊ុនចិនជាច្រើន។
ថ្លែងនៅក្នុងកម្មវិធីនោះ លោកស្រីបណ្ឌិតឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រជាជនកម្ពុជា និងចិន ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ កម្មវិធីភ្លក់ស្រា ស្រាបៀរ ម្ហូប និងចំណីអាហារនៅថ្ងៃនេះនឹងបង្កើនការស្វែងយល់ពីគ្នា ទៅវិញទៅមក រឹតចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា-ចិនអោយកាន់តែល្អប្រសើរ និងពង្រីកទីផ្សារថ្មីសម្រាប់ស្រា ស្រាបៀរ ម្ហូប និងចំណីអាហាកម្ពុជា និងចិនអោយកាន់តែ ទូលំទូលាយ។
កម្មវិធីនេះ ជាការអនុវត្តការទូតអាហារដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកំពុងខិតខំជម្រុញដើម្បីលើកកម្ពស់ កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីបណ្ឌិតបានបង្ហាញ និងណែនាំជូនភ្ញៀវ នូវផលិតផលស្រា និងស្រាបៀរ របស់កម្ពុជាដែលបានទទួលពានរង្វាន់អន្តរជាតិជាច្រើន ក្នុងនោះរួមមាន Jasmine Rice Spirit ទទួលបានពានរង្វាន់ Médaille de Platine នៅក្នុងកម្មវិធី the Kura Master Competition នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០២៣ និងទទួលបានពានរង្វាន់ Spirit Bronze 2024 នៅក្នុងកម្មវិធី the International Wine & Spirits Competition នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅឆ្នាំ២០២៤ Mango Liquor ទទួលបានពានរង្វាន់ Médaille d’Or នៅក្នុងកម្មវិធី the Kura Master Competition នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០២៣ Jackfruit Rum ទទួលបានពានរង្វាន់ Spirit Bronze 2024 នៅក្នុងកម្មវិធី the International Wine & Spirits Competition នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅឆ្នាំ២០២៤ ស្រាបៀរអង្គរ-Angkor Premium Beer ដែលទទួលបាន Gold Medal នៅក្នុងកម្មវិធី the Monde Selection នៅប្រទេសប៊ែលហ្សិក នៅឆ្នាំ២០១៣ និងស្រាអង្ករខ្មែរ SENSOTA Gold-Cambodian Rice Spirit។
ទន្ទឹមនេះដែរ លោកស្រីបណ្ឌិតក៏បានអញ្ជើញភ្ញៀវទាំងអស់ ពិសារនំបញ្ចុកណាំយ៉ា ឡត សាច់ក្រកគោ សាច់ក្រកគ្រឿង សាច់ក្រកឦសាន ក្ដាមបំពង អំបុកលីងដែលមាន ៤រសជាតិ គ្រាប់ស្វាយចន្ទី តំណាប់ស្វាយ និងបបរត្រាវខ្ទិះដូងផងដែរ។
តំណាងអោយភាគីចិន លោក Zhao Shuang ប្រធានសមាគមវិនិយោគ និងអភិវឌ្ឍ ឧស្សាហកម្មធន់ស្រាលចិនក៏បានបង្ហាញ និងណែនាំនូវស្រាសចិនចំនួន ១២ ប្រភេទ រួមមាន Mixiangxing Chixiangxing Texiangxing និងJianxiangxing ជាដើម ដល់អ្នកចូលរួម ទាំងអស់ផងដែរ។ លោកZhao Shuang បានលើកឡើងថា កម្មវិធីភ្លក់ស្រា ស្រាបៀរ ម្អូប និងចំណីអាហារនេះនឹងធ្វើអោយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែស៊ីជម្រៅ និង ទូលំទូលាយថែមទៀត។
ទន្ទឹមនេះ លោកជំទាវបណ្ឌិតឯកអគ្គរាជទូត បានអញ្ជើញលោក Zhao Shuang អោយដឹកនាំ តំណាងក្រុមហ៊ុនចិននានាដែលមានបំណងទៅកម្ពុជាដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជានៅពេលឆាប់ៗខាងមុខ។ លោក Zhao Shuang បានឯកភាពថានឹងរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុននានារបស់ចិន ទៅកម្ពុជានៅពេលខាងមុខនេះ។
អ្នកចូលរួមទាំងអស់បានសម្ដែងនូវការកោតសសើរដល់ស្រា និងស្រាបៀររបស់កម្ពុជា ដែលទទួលបាននូវពានរង្វាន់អន្តរជាតិ និងរសជាតិដ៏ឆ្ងាញ់ពិសារនៃម្ហូប ចំណីអាហាររបស់ កម្ពុជា។ កម្មវិធី Cambodia-China Liquor and Gourmet Cultural Exchange Salon Tasting Event នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕









