បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ថាបនាផ្លូវ២ខ្សែ ក្នុងខេត្តកំពត

05-12-2025 18:11

(កំពត)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ថាបនាផ្លូវចំនួន២ខ្សែ ក្នុងខេត្តកំពត ដោយមានការចូលរួមពីលោកបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ, លោកប្រធានមន្ទីរ, អនុប្រធានមន្ទីរ, ប្រធាន, អនុប្រធានការិយាល័យ, និងមន្ត្រីជំនាញជាច្រើនរូប។

ការចុះពិនិត្យនេះ ក្នុងគោលបំណង ដើម្បីពិនិត្យលើការសាងសង់ និងវឌ្ឍនភាពការងារ ធ្វើយ៉ាងណាឱ្យមាននូវគុណភាពអាចប្រើប្រាស់យូរអង្វែង និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយអាចសម្រេចឱ្យបានទៅតាមលទ្ធផលនៃផែនការគ្រោងទុកផងដែរ។

ខ្សែទី១ មានប្រវែងសរុប ៨,៥៤គ.ម សម្រេចលទ្ធផលបាន ៥៨% ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧,៤២គីឡូម៉ែត្រ និងក្រាលបេតុង (RC) ១,១២គីឡូម៉ែត្រ មានលូមូលចំនួន១៤កន្លែង និងលូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ ដោយមានអ្នកទទួលផលសរុប ៤០៦៨គ្រួសារ ស្មើនឹង ១៤ ៨៥៦នាក់ ស្រី ៩ ០១៣នាក់ ។

ខ្សែទី២ មានប្រវែង៩,៦៣គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៩០% ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,០៥គីឡូម៉ែត្រ និងក្រាលបេតុង (RC) ០,៥៨គីឡូម៉ែត្រ មានលូមូលចំនួន ២២កន្លែង តភ្ជាប់ពីភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ទៅដល់ភូមិដើមដូង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។ ដោយមានអ្នកទទួលផលសរុប ៣ ០២៧គ្រួសារ ស្មើនឹង ១៣ ៣៤៥នាក់ ស្រី ៦ ៧៩៤ នាក់៕