មន្ដ្រីជាន់ខ្ពស់សុខាភិបាល ណែនាំសមាគមគ្រូពេទ្យទារកកម្ពុជា និងថ្នាក់ដឹកនាំតាមមន្ទីរពេទ្យខេត្ដ-ស្រុកទាំងអស់ បន្ដបណ្ដុះបណ្ដាលជំនាញដល់គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាក ដើម្បីសង្គ្រោះទារកទើបនឹងកើតឱ្យបានត្រឹមត្រូវ

05-12-2025 18:24

(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញណែនាំដល់សមាគមគ្រូពេទ្យទារកកម្ពុជា និងថ្នាក់ដឹកនាំតាមមន្ទីរពេទ្យខេត្ដ-
ស្រុក និងមណ្ឌលសុខភាពទាំងអស់ បន្ដបណ្ដុះបណ្ដាលជំនាញដល់គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាក ដែលបម្រើការងារទាក់ទងនឹងសម្ភព និងទារក ដើម្បីសង្គ្រោះទារកទើបនឹងកើតឱ្យត្រឹមត្រូវ និងកាន់តែប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។

ការលើកឡើងរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងអញ្ជើញចូលរួមក្នុង សិក្ខាសាលាសមាគមគ្រូពេទ្យទារកកម្ពុជាលើកទី៦ ក្រោមប្រធានបទ «ការសង្គ្រោះទារកទើបនឹងកើតកម្រិតបឋម» នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានចូលរួមពីលោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, សាស្រ្តាចារ្យ ប្រធានមន្ទីរពេទ្យខេត្ត ប្រធានមន្ទីរពេទ្យបង្អែកស្រុក ប្រធានមណ្ឌលសុខភាព គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទូទាំងរាជធានីខេត្ត, តំណាងស្ថាប័ន អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត ទាំងអញ្ជើញមកផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ។

លោកស្រីរដ្ឋលេខាធិការបានថ្លែងបន្ដថា «ការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកសុខាភិបាល ឱ្យចេះអនុវត្តការសង្គ្រោះទារក ឱ្យបានត្រឹមត្រូវ ទាក់ទងនឹងការសង្គ្រោះទារកក្រោយសម្រាល ជាពិសេសនៅ១នាទី មាសដំបូងនៃជីវិតទារក ចេះប្រើប្រាសឧបករណ៍សាមញ្ញ ត្រឹមត្រូវ និងមានគុណភាព ចេះកសាងប្រព័ន្ធបញ្ជូនបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមស្តង់ដា នៅគ្រប់កំរិតសង្គ្រោះទារក និងដើម្បីធ្វើបច្ចុប្បន្នភាព អភិវឌ្ឍលើជំនាញរបស់ខ្លួន ព្រមទាំងទទួលបានការផ្លាស់ប្តូរបទ ពិសោធន៍ថ្មីៗ ដល់សិក្ខាកាមទាំងអស់ទាំងស្ថាប័នរដ្ឋ និងឯកជនទាក់ទងនឹង ផ្នែកសម្ភពនិង ទារក ជាពិសេសគ្រូពេទ្យ ឆ្មប គិលានុបដ្ឋាក ដែលកំពុងបម្រើការងារតាមមន្ទីរពេទ្យ ខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ទូទាំងរាជធានីខេត្តទាំង ២៥ ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើឧបករណ៍យើងមានស្រាប់ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះ និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា»។

លោកស្រ្តីសាស្ដ្រាចារ្យបានបន្ថែមទៀតថា ទារកប្រមាណ១៥% មិនអាចដកដង្ហើមបានដោយខ្លួនឯងនោះទេ គឺទៀមទារឲ្យមានការសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់សម្រាល ផ្ទាល់ជាពិសេសនៅ១នាទីមាសដំបូងនៃអាយុជីវិតទារក ។ ប្រសិនបើមិនមានការជួយសង្គ្រោះបានទាន់ពេលវេលា និងត្រឹមត្រូវទេ ទារកអាចទទួលរងបញ្ហាខួចប្រព័ន្ធប្រសាទខួរក្បាល និងពិការភាព ឬក៏អាចបង្ករឲ្យបាត់បង់អាយុជីវិតបាន។

ដូច្នេះសិក្ខាសាលានាពេលនេះ លោកស្រីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា នឹងជាមានសារៈសំខាន់ក្នុងការជួយទប់ស្កាត់ផលវិបាកផ្សេងៗ ទាក់ទងនឹងប្រព័ន្ធប្រសាទរបស់ទារកទៅថ្ងៃអនាគត និងជាពិសេសជួយកាត់បន្ថយ អត្រារម ណភាពទារកក្នុងប្រទេសកម្ពុជាយើងឱ្យបានកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ មន្ត្រីក្រសួងសុខាភិបាល ពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថភាពរបស់អ្នកជំងឺ នោះគឺ «សុវត្ថភាពរបស់អ្នកជំងឺ គឺចាប់ផ្តើមពីថ្ងៃដំបូង» ។

នៅក្នុងឱកាសនោះដែរ លោកសាស្រ្តចារ្យ គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ជាពិតណាស់ការបណ្តុះបណ្តាលនៅពេលនេះ ក៏ដូចជាពេលកន្លងមក គឺធ្វើឱ្យគ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាក ដែលបំពេញតួនាទីសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសទារកតែម្តងឱ្យមានសមត្ថភាព មានចំណេះដឹង ហើយរៀបចំទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ សម្រាប់ករណីបញ្ជូនអ្នកជំងឺបន្ត គឺត្រូវបញ្ជូនឱ្យបានទាន់ពេលវេលា ព្រោះការបញ្ជូនមិនទាន់ពេលវេលា ស្មើនឹងផ្តាច់ការសង្គ្រោះដល់អ្នកជំងឺ ដោយសារការសង្គ្រោះនៅលើរថយន្តសង្គ្រោះមិនដូចជាការសង្គ្រោះនៅមន្ទីពេទ្យផ្ទាល់នោះទេ។ មួយវិញទៀត ការបង្កើនសមត្ថភាពជំនាញដល់គ្រូបង្គោលនៅទូទាំងប្រទេស ទាំងវិស័យរដ្ឋ និងឯកជន ក្នុងការរួបរួមគ្នាជួយសង្គ្រោះដល់ទារកទើបនឹងកើតបានទាន់ពេលវេលា សំដៅកាត់បន្ថយអត្រាមរណភាពទារកទើបនឹងកើតឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដែលស្របនឹងគោលដៅសំខាន់របស់ក្រសួងសុខាភិបាល ក៏ដូចជាក្តីសង្ឃឹមរបស់មាតាទាំងឡាយនៅពេលមានទម្ងន់៕