ក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមច្បាប់ លើជនទុច្ចរិតក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានទាក់ទងទៅអតិថិជនគម្រោងដីឡូត៍ភូមិមរតក
05-12-2025 19:32
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន. ស.) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសមួយ នឹងចាត់វិធានការតាមច្បាប់លើជនទុច្ចរិតក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានទាក់ទងទៅអតិថិជនគម្រោងដីឡូត៍ភូមិមរតក។
បើតាមសេចក្ដីប្រកាសនោះបានឱ្យដឹងថា, នាពេលថ្មីៗនេះមានជនទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសក្លែងបន្លំឋានៈជាថ្នាក់ដឹកនាំក្រសួង ជាជំនួយការផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានទាក់ទងតាមប្រព័ន្ធតេលេក្រាមទៅកាន់ប្រជាពលរដ្ឋដែលជាអតិថិជនគម្រោងដីឡូត៍ភូមិមរតក (ក្រុងស្វាយរៀង) ដែលមានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងអតិថិជន គម្រោងដីឡូត៍ភូមិមរតកថ្មស(ស្រុកស្វាយជ្រំ) ដែលមានទីតាំងស្ថិតភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយបានបោកប្រាស់ប្រជាពលរដ្ឋទាំងនោះ ឱ្យធ្វើការបង់ប្រាក់ជាថ្នូរនឹងការដោះស្រាយការលក់ទិញដីឡូត៍។
ក្រសួងរៀបចំដែនដី បានចាត់ទុកទង្វើនេះថាជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និងសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីបានទទួលការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល, ក្រសួង ដ.ន.ស. បាននិងកំពុងខិតខំពុះពារក្នុងការសម្របសម្រួលដោះស្រាយបញ្ហាលក់ទិញរបស់ប្រជាពលរដ្ឋនៅក្នុងគម្រោងទាំងពីរខាងលើ និងឈានទៅរកការបិទបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗនេះ។ រាជរដ្ឋាភិបាល សម្រេចទទួលបន្ទុករ៉ាប់រងពន្ធអាករ និងសេវាសុរិយោដី បន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋជាអតិថិជននៃគម្រោងទាំងពីរខាងលើ។
ប្រភពដដែលបានឱ្យដឹងបន្តថា, ក្រសួងរៀបចំដែនដី នឹងសហការជាមួយក្រសួងមហាផ្ទៃ ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នានេះ ក្រសួង ដ.ន.ស. ក៏បានអំពាវនាវដល់អតិថិជនពាក់ព័ន្ធនឹងគម្រោងបុរី ខុនដូ ឬ ដីឡូត៍ ដែលកំពុងមានបញ្ហា និងកំពុងសម្របសម្រួលដោះស្រាយនៅក្រសួងទាំងអស់ មានការប្រុងប្រយ័ត្នចំពោះករណីឆបោក និងក្លែងបន្លំគ្រប់ប្រភេទ និងស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ សហការចូលរួមសម្របសម្រួល និងដោះស្រាយរួមគ្នាប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈខ្ពស់បំផុត៕





