មន្ទីរធនធានទឹកខេត្តកំពង់ធំ បដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់ហ្វេសប៊ុកឈ្មោះ Horn News ពាក់ព័ន្ធនឹងគ្រឿងចក្រមានបិតឡូហ្គោក្រសួងធនធានទឹក និងឧតុនិយម ធ្វើការឈូសឆាយដី នៅក្នុងភូមិថ្មី ឃុំស្រែង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

05-12-2025 20:26

(ភ្នំពេញ)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែធ្នូនេះចេញលិខិតបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់ហ្វេសប៊ុកឈ្មោះ Horn News ពាក់ព័ន្ធនឹងគ្រឿងចក្រមានបិតឡូហ្គោក្រសួងធនធានទឹក និងឧតុនិយម ធ្វើការឈូសឆាយដី នៅក្នុងភូមិថ្មី ឃុំស្រែង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សូមធ្វើការបំភ្លឺបញ្ជាក់ជូនសាធារណជនថា៖ មន្ទីរមិនមានពាក់ព័ន្ធនឹងករណីឈូសឆាយដីនៅតំបន់ខាងលើនោះទេ ហើយគ្រឿងចក្រដែលមានបិត ឡូហ្គោក្រសួងធនធានទឹក និងឧតុនិយមគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន ដែលធ្លាប់បានអនុវត្តគម្រោង ជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក និងមិនបានបកឡូហ្គោចេញពេលចប់គម្រោង ហើយក្រុមហ៊ុននៅតែបន្តបិតឡូហ្គោរបស់ក្រសួងក្នុងពេលចុះអនុវត្តការងារ ឬគម្រោងជាមួយស្ថាប័ន ផ្សេងទៀត ដោយមិនមានការអនុញ្ញាត៕