មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តចុះពង្រឹងគុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦ទៀត ក្នុងចំណោម១១ នៃមន្ទីរសុខាភិបាលខេត្តព្រៃវែង
05-12-2025 20:39
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ដល់ ០៥ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកស្រុកចំនួន៦ ក្នុងចំណោម១១ នៃមន្ទីរសុខាភិបាលខេត្តព្រៃវែង ត្រូវបានក្រុមការងារពង្រឹងគុណភាពសេវា នៃក្រសួងសុខាភិបាល ចុះពង្រឹងបន្ថែមជាលេីកទី៥ ចាប់ពីអណ្ណតិរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកបណ្ឌិត និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៦ទៀត ក្នុងចំណោមមន្ទីរពេទ្យបង្អែកស្រុកទាំង១១ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ចាប់ពីថ្ងៃទី០១ ដល់ ០៥ ខែធ្នូ ឆ្នាំ២០២៥។ មន្ទីរពេទ្យបង្អែកស្រុកទាំងនោះមាន មន្ទីរពេទ្យបង្អែកស៊ីធរកណ្ដាល មន្ទីរពេទ្យបង្អែកពារាំង មន្ទីរពេទ្យបង្អែកកំពង់ត្របែក មន្ទីរពេទ្យបង្អែកកញ្ជ្រៀក មន្ទីរពេទ្យបង្អែកកំចាយមារ និងមន្ទីរពេទ្យបង្អែកស្វាយអន្ទរ ក្រោយពីបានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន ៥ ទៀតកាលពីសប្ដាហ៍មុន។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបថា ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកនេះ ផ្តោតទៅលើចំណុចធំៗចំនួន ៧ គឺ ៖
១-ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ
២-ធនធានមនុស្ស និងការគ្រប់គ្រង
៣-សេវាគ្លីនិក
៤-ឧបករណ៍បរិក្ខារ និងឱសថ
៥-ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦-ការលេីកកម្ពស់គុណភាពសេវា
៧-លក្ខខណ្ឌច្បាប់ និងរដ្ឋបាល
ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ក្នុងមួយឆ្នាំចុះ ២ដង នេះជាលើកទី៥ហើយ ដែលក្រុមការងារបានចុះមកខេត្តព្រៃវែង។ លោកបណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យចំនួន ៤លើកកន្លងមក ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនតូច ដែលត្រូវតែបន្តពង្រឹង និងកែលម្អបន្ថែមទៀត អោយកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន៦១ កំរិត១ និងកំរិត២ អោយមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ហើយនិងបន្ទប់សង្គ្រោះទារក ដេីម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ និងទៅព្យាបាលនៅក្រៅប្រទេស អាចកាត់បន្ថយការចំណាយ ទាំងពេលវេលា របស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕



























































