អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានថ្នាលឌីជីថលចំនួន២ ដាក់តាំងបង្ហាញក្នុង «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥»

05-12-2025 20:55

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារចូលរួមការតាំងពិពណ៌សមិទ្ធផលឌីជីថលឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងពីសមិទ្ធផលថ្នាលឌីជីថលចំនួនពីរក្នុង «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥» ជាការចូលរួមចំណែកលើកស្ទួយការធ្វើទំនើបកម្មលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញឲ្យប្រើប្រាស់នៅថ្នាលឌីជីថលចំនួនពីរគឺ ១៖ App NoDrug សម្រាប់ផ្ដល់ចំណេះដឹង និងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និង២៖ ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនអ្នកញៀននៅកម្ពុជា។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំនូវការថ្លែងអំណរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ចំពោះក្រសួងមហាផ្ទៃដែលបានសម្របសម្រួលសហការការងាររៀបចំការងារតាំងពិព័រណ៍ ហើយការងារនេះនឹងបន្តរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕