ពលរដ្ឋ៥០០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ក្នុងឱកាសពិធីមហោស្រព «កំពង់ចាមជាទីស្រឡាញ់» នៃពិធីបុណ្យណូអែលឆ្នាំ២០២៥
05-12-2025 21:01
(កំពង់ចាម)៖ ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ បានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសពិធីមហោស្រព «កំពង់ចាមជាទីស្រឡាញ់» នៃពិធីបុណ្យណូអែល ឆ្នាំ២០២៥។
ពិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណកីឡាដ្ឋានបាល់ទាត់ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសដ៏អធិកអធម្មនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ការប្រារព្ធពិធីមហោស្រព ជួបជុំគ្នា ដើម្បីចែករំលែកនូវក្តីស្រឡាញ់ នាថ្ងៃនេះ គឺដោយសារប្រទេសមានសុខសន្តិភាព ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សន្តិភាពដែលយើងទទួលបាន មកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់ ជាពិសេស គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គទេសឯក ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋ និងបន្តមកដល់បច្ចុប្បន្ននេះ គឺមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដឹកនាំរដ្ឋាភិបាល ហើយបន្តរក្សាបាននូវនិរន្តរភាព សន្តិភាព។ ដូច្នេះដើម្បីមានការជួបជុំគ្នា ដើម្បីយើងបានប្រារព្ធពិធីបុណ្យណូអែល ដើម្បីយើងបានប្រារព្ធពិធីឆ្លងឆ្នាំសកល បានដោយសប្បាយរីករាយ គឺពិតណាស់ដោយសារយើងបានរក្សានូវសុខសន្តិភាពនេះ៕

















