វិភាគអន្តរជាតិ៖ មហិច្ឆតានាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងបង្កការរត់ប្រណាំងអាវុធក្រោមទឹក ក្នុងតំបន់អាស៊ី?
05-12-2025 21:15
(សេអ៊ូល)៖ មហិច្ឆតាចង់បាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីទទួលបានភ្លើងបៃតងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបិទបញ្ចប់ការជំទាស់ រាប់ទសវត្សរ៍មកនេះរបស់សហរដ្ឋអាមេរិក តែអាចនឹងធ្វើឱ្យបរិយាកាសសន្តិសុខក្នុងតំបន់អាស៊ីប្រែប្រួល និងជំរុញការរត់ប្រណាំងសព្វាវុធនៅក្រោមទឹក។ ក្រុមអ្នកវិភាគបាននិយាយថាកម្មវិធីអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរយ៉ាងឆាប់រហ័សរបស់ កូរ៉េខាងត្បូងអាចនឹងធ្វើឱ្យចិនខឹងសម្បា ហើយបង្ខំឱ្យជប៉ុនចង់បាននាវាមុជទឹកនុយក្លេអ៊ែរហ្នឹងគេដែរ។ «នាវាមុជទឹកជាប្រព័ន្ធអាវុធវាយប្រហារមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះការរត់ប្រណាំងសព្វាវុធក្នុងតំបន់ មុខជានឹងកើតឡើង ដោយចៀសមិនរួច។ នេះជាការយល់ឃើញរបស់លោក Choi Il ជាកាប់ពីទែនចូលនិវត្តន៍ម្នាក់នៃកងនាវាមុជទឹកកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងបានអះអាងថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ទល់នឹងការគំរាមកំហែងនៅក្រោមបាតសមុទ្រពីសំណាក់កូរ៉េខាងជើង ក្នុងនោះរួមមានទាំងនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគ។ សេអ៊ូលបានទទូចម្ដងហើយម្ដងទៀតថាមិនចង់ផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយថានឹងគោរពតាមគោលការណ៍មិនរីកសាយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងត្រូវបានរាយការណ៍ថាក៏កំពុងអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបង្ហាញពីរូបភាពលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងកាលពីខែមីនាកន្លងទៅ។ ថាតើកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងជើងរីកចម្រើន ដល់កម្រិតណា មិនទាន់មាននរណាដឹងឡើយ តែក្រុមអ្នកវិភាគខ្លះសង្ស័យថាទីក្រុងព្យុងយ៉ាងកំពុងទទួលបានជំនួយគាំទ្រពីរុស្ស៉ី។
* ទប់ទល់ជាមួយចិន
សមាជិកសភាកូរ៉េខាងត្បូង និងជាអ្នកជំនាញយោធាម្នាក់ លោក Yu Yong-weon បាននិយាយថាដោយសារតែមានល្បឿនលឿន និងអាចធ្វើប្រតិបត្តិការនៅក្រោមទឹកបានឆ្ងាយ និងយូរជាងនាវាមុជទឹកធម្មតា មាននាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ វានឹងជួយពង្រឹងការតាមដានសកម្មភាពនាវាមុជទឹកកូរ៉េខាងជើង។ ប៉ុន្តែតាមលោក Yu ប្រសិនបើកូរ៉េខាងត្បូងមាននាវាមុជទឹកនុយក្លេអ៊ែរ ជប៉ុនក៏ប្រហែលជាចង់បានដែរ។ ជប៉ុនមានការភ្ញាក់ផ្អើល និងអន់ចិត្តនៅពេល ទទួលបានព័ត៌មានថាលោក ដូណាល់ ត្រាំ បានបើកភ្លើងបៃតងឱ្យកូរ៉េខាងត្បូងមាននាវាមុជទឹកនុយក្លេអ៊ែរ ពីព្រោះតូក្យូយល់ថាបើសហរដ្ឋអាមេរិកគាំទ្រមហិច្ឆតាបែបនេះនៅក្នុងតំបន់ គួរឱ្យណាស់តែឱ្យអាទិភាពដល់ជប៉ុន មុនកូរ៉េខាងត្បូង។ នេះបើតាមប្រភពពីមន្ត្រីជប៉ុនម្នាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្រសួងការពារជាតិជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេពីបញ្ហានេះ តែរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi កាលពីពេលថ្មីៗនេះ បាននិយាយថាការប្ដូរទៅរកនាវាមុជទឹកនុយក្លេអ៊ែរគឺជាជម្រើសមួយ បើទោះជាមិនទាន់ការសិក្សាណាមួយត្រូវបានធ្វើឡើងក៏ដោយ។ មន្ត្រីជប៉ុនម្នាក់បាននិយាយថាបើចង់បាននាវាមុជទឹកនុយក្លេអ៊ែរ ច្បាស់ណាស់ទីក្រុងតូក្យូត្រូវតែស្នើសុំ ការគាំទ្រពីសហរដ្ឋអាមេរិក។
នាវាមុជទឹកធម្មតារបស់ជប៉ុនអាចធ្វើប្រតិបត្តិការបានតែនៅក្នុងតំបន់ទឹករាក់ប៉ុណ្ណោះ រីឯនាវាមុជទឹកនុយក្លេអ៊ែរវិញអាចជួយពង្រីកការធ្វើប្រតិបត្តិការក្នុងតំបន់ប៉ាស៊ីហ្វិក ក៏ដូចជាត្រួសត្រាយផ្លូវឱ្យជប៉ុនមានសមត្ថភាពវាយប្រហារវាយបកលើសត្រូវ នៅពេលអនាគត។ មហិច្ឆតានាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងគឺផ្សាភ្ជាប់ជាមួយកម្មវត្ថុរបស់សហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលយោធាចិន។ លោកឧត្តមនាវី Daryl Caudle ជាប្រមុខប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកបានចាត់ទុកចិនជា «សត្រូវយុទ្ធសាស្ត្ររយៈពេលវែង» និងបាននិយាយថ្មីៗនេះក្នុងទីក្រុងសេអ៊ូលថាលោកសង្ឃឹមថានាវាមុជទឹកនុយក្លេអ៊ែរកូរ៉េខាងត្បូង នឹងដើរតួនាទីមួយនៅពេលអនាគតក្នុងការកំញើញទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់។
* កូរ៉េខាងជើងព្រមានពីការរត់ប្រណាំងនុយក្លេអ៊ែរ
ប្រតិកម្មរបស់ចិនចំពោះផែនការរបស់កូរ៉េខាងត្បូងនៅមានភាពស្ងប់ស្ងាត់នៅឡើយ តែស្ថាប័ន 38 North មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបានព្រមានថាអាចនឹងប្រែប្រួលយ៉ាងឆាប់រហ័ស។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានធានាចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីងកាលពីខែវិច្ឆិកាថា នាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងគឺទុកប្រើដើម្បីការពារខ្លួន និងកំញើញកូរ៉េខាងជើងតែប៉ុណ្ណោះ។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac។ លោក Wi Sung-lac បន្ថែមថា «ប្រទេសដទៃប្រហែលជានឹងមិនស្វាគមន៍នោះទេ តែយើងមានគោលជំហររបស់យើង។ យើងអាចពន្យល់ និងបញ្ចុះបញ្ចូល»។ កូរ៉េខាងជើងវិញបានព្រមានថាផែនការនាវាមុជទឹកនុយក្លេអ៊ែរ របស់កូរ៉េខាងត្បូងអាចនឹងជំរុញឱ្យមានការរត់ប្រណាំងផលិតនាវាមុជទឹកនុយក្លេអ៊ែរនៅក្នុងតំបន់។ យ៉ាងនេះក្ដី លោក Cheong Seong-chang មកពីវិទ្យាស្ថាន Sejong យល់ថាជប៉ុន និងកូរ៉េខាងត្បូង អាចរួមគ្នាអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ ដោយមានជំនួយពីសហរដ្ឋអាមេរិក ដែលនេះស៊ីគ្នានឹងផលប្រយោជន៍សន្តិសុខតំបន់របស់ទីក្រុងវ៉ាស៊ីនតោន។
* ជាសុបិនវែងអន្លាយ?
មកទល់នឹងពេលនេះ មានតែសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង ឥណ្ឌា និងចក្រភពអង់គ្លេសប៉ុណ្ណោះដែលមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ អូស្ត្រាលីក៏មានផែនការផលិតនាវាមុជទឹកនុយក្លេអ៊ែរដែរ ដោយមានការជួយពីអាមេរិក និងចក្រភពអង់គ្លេស ក្រោមកិច្ចព្រមព្រៀង AUKUS។ បើតាមវិទ្យាស្ថាន Sejong កូរ៉េខាងត្បូងបានលើកឡើងពីគំនិតចង់បាននាវាមុជទឹកនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ១៩៩៤ អំឡុងវិបត្តិមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែបញ្ហាប្រឈមខាងបច្ចេកទេសបានធ្វើឱ្យគំនិតនេះគាំងដំណើរការ។ កាលពីឆ្នាំ២០១៧ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ធ្លាប់បានទទួលការគាំទ្រជាលក្ខណៈឯកជនពីលោក ដូណាល់ ត្រាំ សម្រាប់ការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ។ អតីតអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Choi Jong Kun ក្រោមអណត្តិរបស់លោក Moon បាននិយាយថាក្រសួងរបស់សហរដ្ឋអាមេរិកដូចជាក្រសួងការពារជាតិ និងក្រសួងថាមពល នៅតែមានការព្រួយបារម្ភពីការរីកសាយអាវុធនុយក្លេអ៊ែរ។
* រថភ្លើងចេញដំណើរទៅហើយ
លោក Moon Keun-sik ជាវរសេនីយឯកកងទ័ពជើងទឹកម្នាក់របស់កូរ៉េខាងត្បូង បាននិយាយថាបើទោះជាមានឧបសគ្គក៏ពិតមែន តែកូរ៉េខាងត្បូងមានភាពរីកចម្រើនរួចទៅហើយក្នុងការរចនាគំរូរូបរាងនាវាមុជទឹកដោយឯករាជ្យ។ ដោយឡែកបើតាម រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back ការដំឡើងរ៉េអាក់ទ័រស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ ហើយបានវាយតម្លៃថាទីក្រុងសេអ៊ូលអាចផលិតនាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងក្នុងពេល១០ឆ្នាំជាមួយតម្រូវការ នាវាមុជទឹកនុយក្លេអ៊ែរទម្ងន់ ៥០០០តោនយ៉ាងហោច ៤គ្រឿង។ ឯកសារផ្លូវការមួយរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការ លើការផ្គត់ផ្គត់ឥន្ធនៈនុយក្លេអ៊ែរ។ «ជំនួសឱ្យការហៅវាថាជាការអនុម័តយល់ព្រមពីសហរដ្ឋអាមេរិក យើងអាចនិយាយបានថាយើងបានត្រៀមរួចទៅហើយនូវលក្ខខណ្ឌដើម្បីសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ ហើយការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរជាធាតុផ្សំ សំខាន់ចុងក្រោយដែលយើងត្រូវការ»។ នេះជាការគូសបញ្ជាក់របស់លោក Ahn Gyu-back ប្រាប់សមាជិកសភាកូរ៉េខាងត្បូង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់ Reuters ថាកូរ៉េខាងត្បូងកំពុងបន្តទទួលបានបច្ចេកវិទ្យាពាក់ព័ន្ធនឹងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ក្រសួងបន្តទៀតថា «នៅក្នុងនីតិវិធីនេះ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើង ដើម្បីពង្រឹងភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យា ក្នុងនោះរួមមានទាំងសុវត្ថិភាព ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា សេតវិមានតាមរយៈមន្ត្រីអាមេរិកម្នាក់ បានប្រកាសថាសហរដ្ឋអាមេរិកគាំទ្រមហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការបង្កើនការចូលរួមចំណែកទទួលបន្ទុក និងការកំញើញប្រឆាំងនឹងការគំរាមកំហែងលើសម្ព័ន្ធភាពរវាងប្រទេសទាំង២ ក្នុងនោះរួមមានទាំងការអភិវឌ្ឍនាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ។ អតីតអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Choi បាននិយាយថាកិច្ចព្រមព្រៀង AUKUS របស់អូស្ត្រាលីជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានជួយ បន្ធូរបន្ថយរនាំងឧបសគ្គឱ្យទីក្រុងសេអ៊ូល។ ពោលគឺប្រៀបបានដូចជារថភ្លើងបានចេញដំណើរដោយទុកទ្វារមួយឱ្យបើកចំហដែលនេះមានន័យថា យើងមានរឿងជាច្រើនត្រូវធ្វើបន្ត ក៏ប៉ុន្តែរឿងទាំងអស់នោះកំពុងដំណើរការទៅមុខរួចទៅហើយ៕











