កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើង៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមទីសាធារណៈ

05-12-2025 21:40

(ស្វាយរៀង)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩៖៣៥នាទីព្រឹក បក្ខពួកខ្លួនបាននាំគ្នាជិះម៉ូតូចេញពីសាលាឌុបគ្នាទៅដល់ចំណុចលើផ្លូវលំភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ បាននាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវ ចំនួន២លើកពិតប្រាកដមែន។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង៦នាក់ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្តចំណែកឯម៉ូតូទាំង៣គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល៣ខែទើបប្រគល់វិញ៕