ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង
05-12-2025 22:05
(ភ្នំពេញ)៖ តាំងនាមឱ្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា សូមគោរពថ្វាយបង្គំសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមាដោយបានទទួលដំណឹងថា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការជ្រើសតាំងដ៏ថ្លៃថ្លានេះ ដែលបានធ្វើឱ្យ ព្រះរាជកិត្តិនាមរបស់ ព្រះអង្គកាន់តែល្បីរន្ទឺសុសសាយ ទទួលបាននូវកិត្តិយសដ៏ឧត្តុងឧត្តម និងការគោរព ស្ញប់ស្ញែងនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីព្រះបញ្ញាញាណ ព្រះធម៌ និងព្រះរាជបូជាដ៏ខ្ជាប់ខ្ជួនរបស់ ព្រះករុណា ជាទីគោរពស្រលាញ់របស់យើងខ្ញុំទាំងអស់គ្នា ដែលព្រះកិត្តិយសរបស់ព្រះអង្គតែងតែបន្តលើកតម្កើងនូវសេចក្តីថ្លៃថ្នូរ នៃជាតិខ្មែរនៅចំពោះមុខពិភពលោក។ យើងខ្ញុំ ទាំងអស់គ្នា និងប្រជានុរាស្ត្រកម្ពុជាគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅព្រះអង្គ មានសេចក្តីអំណរសាទរយ៉ាងខ្លាំងក្លាបំផុត និងមោទនភាពជាតិយ៉ាងក្រៃលែង ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គ មានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងព្រះរាជបេសកកម្មថ្មីនេះនៅក្នុងបណ្ឌិត្យ សភាវិទ្យាសាស្ត្រឯនាយសមុទ្រ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជទានមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ៕





