មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ មន្ត្រីអធិការកិច្ច ជាភ្នែកត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម
05-12-2025 22:57
(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងយន្តការនិងនីតិវិធីនៃការធ្វើអធិការកិច្ច» នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ បានលើកឡើងថា មន្ត្រីអធិការកិច្ច ជាភ្នែកត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោត សំខាន់លើរបៀបវារៈធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» ដែលកំណត់សូចនាករនិងក្របខ័ណ្ឌច្បាស់លាស់ តាមរយៈការបន្តអភិវឌ្ឍអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និង អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
លោកបានបន្តថា ការងារអធិការកិច្ច គឺជាភារកិច្ចមួយដ៏មានសារៈសំខាន់ និងមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំបានឡើយ ពីព្រោះការដឹកនាំត្រូវផ្តើមចេញពីការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ បន្ទាប់មកត្រូវមានការចាត់តាំងអនុវត្ត។ ទន្ទឹមនឹងការអនុវត្ត ត្រូវមានការត្រួតពិនិត្យ ឬធ្វើអធិការកិច្ច លើសកម្មភាពនិងដំណើរការនៃការអនុវត្តការងារ ដើម្បីសន្និដ្ឋាន វាយតម្លៃ ស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ជាពិសេសស្វែងរកខុសនិងត្រូវ ពោលគឺគ្មានការជឿទុកចិត្តណាមួយដែលអាចជំនួសការត្រួតពិនិត្យបានឡើយ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់បន្តថា «ប៉ុន្តែកន្លងមកមន្ត្រីអធិការកិច្ចតែងតែទទួលបាននូវការនិន្ទារដូចជា ចាំតែចាប់កំហុស ជ្រៀតជ្រែកការងារផ្ទៃក្នុង ធ្វើឱ្យបែកបាក់សាមគ្គីភាព ផ្ទៃក្នុង និងនាំឱ្យរំខានដល់ការងាររបស់អង្គភាពរងអធិការកិច្ច។ បើទោះជាយ៉ាងណាក៏ដោយ ការងារអធិការកិច្ចមិនសម្តៅតែទៅលើការស្វែងរកកំហុស និងដាក់វិន័យនោះទេ។ មន្ត្រីអធិការកិច្ចក៏បានកត់សម្គាល់នូវគុណសម្បត្តិ ដើម្បីលើកសរសើរ និងព្រមទាំងក្តាប់បាននូវការលំបាក និងសំណូមពររបស់ប្រធានអង្គភាពរងអធិការកិច្ច ដើម្បីរួមគ្នារកដំណោះស្រាយ។ ក្នុងស្មារតីនេះ មន្ត្រីអធិការកិច្ចបាន អនុវត្តតួនាទីភារកិច្ចក្រោមរូបភាព អធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។
លោកបានជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលាពេលនេះ នឹងរួមចំណែកក្នុងការកសាងនិងពង្រឹងបន្ថែមនូវចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីរាជការពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ដើម្បីចូលរួម សហការ និងអនុវត្តនីតិវិធី នៃការធ្វើអធិការកិច្ច ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងភាពអនុលោមតាមច្បាប់។ ម្យ៉ាងវិញទៀត សិក្ខាសាលានេះ នឹងផ្តល់ឱកាសឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ អធិការកិច្ចនិងវិធីសាស្ត្រក្នុងការត្រួតពិនិត្យ វាយតម្លៃអង្គភាព និងបង្កើនការទទួលខុសត្រូវ។
ជាការកត់សម្គាល់ ការជួបជុំគ្នានេះ លោកបានចាត់ទុកថា វាមិនត្រឹមតែផ្តល់ឱកាសដល់សិក្ខាកាមទទួលបាននូវចំណេះដឹង កាន់តែទូលំទូលាយលើយន្តការ និងនីតិវិធីនៃការធ្វើអធិការកិច្ចប៉ុណ្ណោះទេ បន្ថែមពីនេះទៀត ក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអធិការកិច្ច ក្នុងការកសាងលិខិតបទដ្ឋានគតិយុត្ត ដើម្បីជាត្រីវិស័យដឹកនាំ សម្របសម្រួលការងាររវាងមន្ត្រីអធិការកិច្ច និងអង្គភាពរងអធិការកិច្ច ធានាបាននូវកិច្ចសហការអនុវត្តការងារប្រកបដោយភាតរភាព ក្រោមការជួយជ្រោមជ្រែង គាំទ្រ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ជាពិសេស លោកជំទាវបណ្ឌិតសភាចារ្យ ដើម្បីបន្ត ថែរក្សាបរិយាកាសសុខដុមនីយកម្មតាមអង្គភាពក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕















































