កម្ពុជា បន្តវាយបកថៃក្នុងកិច្ចប្រជុំស្តីពីមីនអន្តរជាតិ ដោយចោទជាសំណួរថា «ក្នុងប្រវត្តិអនុសញ្ញាអូតាវ៉ា តើប្រទេសណា ដែលធ្លាប់ប្រើកម្លាំងយោធាវាយប្រហារប្រទេសជិតខាង ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីន ដោយមិនទាន់ស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់?» (Video inside)
06-12-2025 00:00
(ភ្នំពេញ)៖ បញ្ហាមីនកំពុងក្លាយជារបៀបវារៈដ៏ក្តៅគគុករវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំស្តីពីបញ្ហាមីន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ថៃ បានព្យាយាមយកវេទិកានេះ ដាក់បន្ទុក និងចោទប្រកាន់កម្ពុជាដាក់មីនថ្មី តាមបន្ទាត់ព្រំដែន ដែលខុសទៅនឹងអនុសញ្ញាអូតាវ៉ា ក្នុងចេតនាឱ្យមានការដាក់ទោសមកលើកម្ពុជា។
ប្រតិភូកម្ពុជាដឹកនាំលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍វាយបកការចោទប្រកាន់របស់ថៃជាបន្តបន្ទាប់។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់លោក លី ធុច ក្នុងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ានាថ្ងៃទី៥ ខែធ្នូ៖
លោកជំទាវប្រធាន និងអង្គប្រជុំជាទីមេត្រី!
កម្ពុជា សូមថ្លែងអំណរគុណ ចំពោះឱកាសធ្វើការបកស្រាយចំពោះបញ្ហានេះ។ ខ្ញុំសូមអនុញ្ញាតចាប់ផ្តើម ជាមួយនឹងសំណួរដោយស្មោះត្រង់មួយ ទៅកាន់អង្គប្រជុំទាំងមូល៖
«ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះ តើប្រទេសណា ដែលធ្លាប់ប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីនដែល មិនទាន់បានស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់?»
វាពិតជាគួរឱ្យសោកស្តាយ ដែលកម្ពុជាត្រូវទទួលរងគ្រោះដោយសារបញ្ហានេះ។ ប៉ុន្មានខែកន្លងមកនេះ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារសកម្មភាពយោធាថៃ ដែលជាប្រទេសជិតខាងគ្ន ដោយប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ជុំវិញបញ្ហាមីន។ កាន់តែគួរឱ្យព្រួយបារម្ភនោះគឺ រហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត គ្មានការស៊ើបអង្កេតច្បាស់លាស់ មិនឯករាជ្យ និងមិនស្របតាមមូលដ្ឋានច្បាប់នេះ ដើម្បីបង្កើនភាពតានតឹងជាមួយកម្ពុជា។
ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន នឹងមិននាំមកនូវសុខសន្តិភាពនោះទេ ផ្ទុយទៅវិញ វានឹងបំផ្លាញទំនុកចិត្តរវាងគ្នានិងគ្នា និងឆ្លុះបញ្ចាំងពីការចាកចេញពីគោលការណ៍នៃសុចរិតភាព យុត្តិធម៌ និង ភាពអ្នកជិតខាងល្អ ដែលជាមគ្គទេសក៍នាំផ្លូវរបស់រដ្ឋភាគីទាំងអស់។
លោកជំទាវប្រធាន !
ស្មារតីដែលបានបង្កើតអនុសញ្ញានេះគឺ៖ ភាពជាដៃគូ ការសន្ទនា និងការប្ដេជ្ញាចិត្តរួមគ្នាដើម្បីការពារជីវិត ស្តារសន្តិភាព និងកសាងពិភពលោកដែលប្រកបដោយសុវត្ថិភាព សម្រាប់មនុស្សជំនាន់ក្រោយ។ ក៏ប៉ុន្តែវាគួរឱ្យសោកស្តាយ ដែលថៃបានព្យាយាមជ្រើសរើសយកយន្តការនៃមាត្រា៨.២ នៃអនុសញ្ញាអូតាវ៉ា ដោយរំលងមាត្រា៨.១។ សូមគូសបញ្ជាក់ថា យន្តការមាត្រា៨.២ នឹងត្រូវប្រើប្រាស់លុះណាតែ ការដោះស្រាយ បញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ស្របតាមយន្តការមាត្រា៨.១ ត្រូវបានប្រើប្រាស់អស់ពីលទ្ធភាព។ ទង្វើនេះ គឺជាការបង្ហាញអំពីភាពមិនស្មោះត្រង់ និងមិនមែនជាស្មារតីកិច្ចសហប្រតិបត្តិការ តែវាជា ការបង្កឱ្យមានការប្រឈមមុខដាក់គ្នា ហើយការប្រឈមមុខដាក់គ្នានេះ នឹងមិនដោះស្រាយបញ្ហាដោយ សន្តិភាពឡើយ។
លោកជំទាវប្រធាន !
កម្ពុជាមានការសោកស្តាយ ដែលបញ្ហានេះត្រូវបានលើកយកមកដោះស្រាយនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ វាគួរតែត្រូវបានដោះស្រាយ តាមរយៈការសន្ទនាដោយសន្តិវិធី និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិសាស្ត្ររួមគ្នា ជាច្រើនសតវត្សមកហើយ។ កម្ពុជា មិនចង់ឃើញវេទិកានេះ ត្រូវបានប្រែក្លាយឱ្យទៅជាសាលាក្តី ឬវេទិកាសម្រាប់ការប្រឈមមុខដាក់គា្ន ក្នុងផ្លូវនយោបាយនោះទេ។ វេទិកានេះ គួរតែជាវេទិកាដែលរដ្ឋភាគីធ្វើការរួមគ្នា ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងដោយសន្តិវិធី។
លោកជំទាវប្រធាន!
កម្ពុជាបានរងគ្រោះធ្ងន់ធ្ងរដោយសារមីន ហេតុនេះ យើងបានប្តេជ្ញាដាច់ខាតចំពោះអនុសញ្ញា៖ យើងមិនបានប្រើប្រាស់មីនប្រឆាំងមនុស្សចាប់តាំងពីចូលជារដ្ឋភាគីអនុសញ្ញា ហើយយើងនឹងមិនប្រើប្រាស់ ជាដាច់ខាត។ សមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសកល បង្ហាញច្បាស់ពីភាពឈានមុខ ក្នុងកិច្ចការមនុស្សធម៌របស់កម្ពុជា ប្រតិបត្តិការបោសសម្អាតមីនទូលំទូលាយ និងការគាំទ្ររបស់កម្ពុជា ទៅ កាន់ប្រទេសរងគ្រោះផ្សេងទៀត។ ភាពឈានមុខរបស់កម្ពុជា ក្នុងកិច្ចការមនុស្សធម៌ ត្រូវបានទទួលស្គាល់ទូ ទាំងពិភពលោក។ គ្មានទង្វើដែលមានចេតនាយោបាយណាមួយ អាចកែប្រែការពិតនេះបានឡើយ។
កម្ពុជា ចូលរួមសោកស្តាយដល់អ្នកដែលរងរបួស ក្នុងឧប្បត្តិហេតុផ្ទុះមីនថ្មីៗនេះ ប៉ុន្តែយើងមិនអាចមើលរំលងការពិតនោះឡើយ ហើយកម្ពុជានឹងការពារបូរណភាពរបស់ខ្លួន និងបន្តអំពាវនាវឱ្យប្រកាន់ ខ្ជាប់នូវយន្តការស៊ើបអង្កេតរួមគ្នា ប្រកបដោយកិច្ចសហប្រតិបត្តិការ និងផ្អែកលើភស្តុតាង។
សូមយើងធ្វើការរួមគ្នា ដើម្បីស្វែងរកការពិត។ សូមយើងរក្សាឱ្យបាននូវស្មារតីសហប្រតិបត្តិការ របស់អនុសញ្ញានេះ។ សូមយើងជ្រើសយកការសន្ទនាដោយសន្តិភាព ជំនួសឱ្យការប្រឈមមុខដាក់គ្នា។ សូមយើងរួមគ្នា ធានាឱ្យបាននូវសន្តិភាព និងស្ថិរភាព ជូនដល់ប្រជាជនរបស់យើងទាំងអស់គា្ន ទាំងពេល បច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយ។
កម្ពុជា និងថៃ គឺជាអ្នកជិតខាងគ្នាអស់ជាច្រើនសតវត្សមកហើយ ហើយយើងនឹងនៅតែជាអ្នកជិត ខាងគ្នា ជាច្រើនសតវត្សទៅមុខទៀត។
ពាក្យចាស់ពោលថា គ្រួសារអាចនឹងបែកគ្នា តែអ្នកជិតខាង នឹងមិនអាចបែកគ្នាឡើយ ដូច្នេះសូម ឱ្យយើងស្រឡាញ់អ្នកជិតខាងរបស់យើង ដូចជាយើងស្រលាញ់ខ្លួនឯង។ សូមអរគុណលោកជំទាវប្រធាន៕








