ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថាកម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, កាណាដា ត្រៀមខ្លួនរួមចំណែកកសាងសមត្ថភាពដល់កម្ពុជា

06-12-2025 10:09

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោក Christian Deroche ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងអរគុណដល់រដ្ឋាភិបាលនិងប្រជាជនកាណាដាដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាបន្តបន្ទាប់ លើការងារបណ្តុះធនធានមនុស្ស ការងារដោះមីនមនុស្សធម៌ ជាដើម។

ទន្ទឹមនេះ សន្តិបណ្ឌិតបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុតស្រួច និងការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងរំលេចអំពីយន្តការរបស់ គ.ប.ឆ.ប. ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់និងជំរុញយន្តការដែលមានស្រាប់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាសកល កម្ពុជាមានភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិប្រកបដោយភាពស្មោះត្រង់ សំដៅជួយគាំទ្រលើការចែករំលែកព័ត៌មានការស៊ើបអង្កេត និង បច្ចេកវិទ្យា ជាដើម។

សន្តិបណ្ឌិត បានបន្ថែមទៀតថា កម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយប្រមូលផ្តុំយន្តការ និងរិះរកវិធានការចាំបាច់នានាដើម្បីដោះស្រាយ ហើយកម្ពុជាបើកទូលាយដល់ភាគីពាក់ព័ន្ធក្នុងកិច្ចសហប្រតិបត្តិការ។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយពួកឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តសកម្មភាពឆបោកនេះ។

ឯកអគ្គរដ្ឋទូតបានសម្តែងនូវត្រៀមខ្លួនរបស់កាណាដា ក្នុងកិច្ចសហប្រតិបត្តិការ និងការរួមចំណែកកសាងសមត្ថភាព ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕