ទេសរដ្ឋមន្ត្រី គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាក
06-12-2025 10:34
(ត្បូងឃ្មុំ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងដូចនេះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីប្រតិភូអមរបស់សមាគម, លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅទីស្នាក់ការសមាគមខេត្ត។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ទៀតថា ជិតរយៈពេលជាង ១៩ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការ រហូតដល់ពេលចូលនិវត្តន៍។
លោក គន់ គីម ថ្លែងថា ក្នុងន័យនេះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានទី១សមាគម ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដោយការចុះជួបផ្ទាល់ជាមួយអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ដើម្បីឈ្វែងយល់ពីសុខទុក្ខ និងការលំបាក, ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
នាឱកាសនោះលោក គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតពីរាជរដ្ឋាភិបាល។
សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនោះលោក ប៉ែន កុសល្យ ក៏ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ២៤រូប និងសមាជិក-សមាជិកាជាច្រើនរូប។
លោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ព្រមទាំងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់យ៉ាងមុតមាំប្រគល់តួនាទី និងភារកិច្ច ដ៏មានសារៈសំខាន់នេះ ដើម្បីដឹកនាំ គ្រប់គ្រង គាំពារ និងគាំទ្របងប្អូនជាអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីពេលនេះតទៅ៕






















































