ក្រសួងការងារ៖ ឱកាសការងារចំនួន ៨ម៉ឺន កន្លែងថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

06-12-2025 10:37

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារនៅសល់ជាង ៨៣ ៩៣៨ម៉ឺន កន្លែងថែមទៀត សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការងារ បានឱ្យដឹងថា ឱកាសការងារចំនួន ៨៣ ៩៣៨កន្លែង នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីអាចទទួលបានឱកាសការងារទាំងនោះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ និងបងប្អូនអតីតពលករ អាចទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន។

បើតាមក្រសួងការងារ បានបញ្ជាក់ថា​ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួងមានចំនួនជាង ២៩ម៉ឺននាក់។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម៕