ពិព័រណ៍អាជីវកម្មកម្ពុជាលើកទី៤ នឹងរៀបចំនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ដើម្បីជួយលើកស្ទួយផលិតផលខ្មែរ

06-12-2025 10:39

(ភ្នំពេញ)៖ ពិព័រណ៍អាជីវកម្មកម្ពុជា ឆ្នាំ២០២៦ ជាមួយនឹងការបើកឱកាសឱ្យមានផលិតផលគ្រប់ប្រភេទចូលរួមធ្វើទីផ្សារ តាំងបង្ហាញពីស្នាដៃ ផលិតផលនិងសេវាកម្មរបស់ខ្លួន ជាពិសេសការ​ចែករំលែក​បទពិសោធន៍​​ពីម្ចាស់អាជីវកម្ម ក្នុងគោលបំណងដើម្បីជួយលើកស្ទួយផលិតផលខ្មែរ និងបង្ហាញពីគំនិតរកស៊ីដ៏អស្ចារ្យរបស់កូនខ្មែរ និងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី១៧ -១៨ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ ជាមួយនឹងការរំពឹងខ្ពស់ដែលអាចមានអ្នកចូលរួម​ប្រមាណជាង ១០ម៉ឺននាក់។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សំ កុសល អ្នកផ្តួចផ្តើមបង្កើតការតាំងពិព័រណ័អាជីវកម្មកម្ពុជា ឆ្នាំ២០២៦ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំ ពិព័រណ័អាជីវកម្មកម្ពុជាលើកទី៤ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅផ្សារទំនើប ជីព ម៉ុង ២៧១ និងដោយមានការចូលរួមពីលោក អ៉ីវ គឹមសួរ ប្រធានគ្រប់គ្រងក្រុមហ៊ុន Cam Natural Fertilizer, លោក ជា កុកម៉េង នាយកប្រតិបត្តិនៃ Ironhead Tire Cambodia រួមទាំងមានការចូលរួមពីម្ចាស់អាជីវកម្មជាច្រើនរូបទៀត។

លោក សំ កុសល ស្ថាបនិក បក្សីមេឌា​ និងជាអ្នកផ្តួចផ្តើមពិព័រណ៍នេះ បានឱ្យដឹងទៀតថា គផលបំណងធំនៃការរៀបចំពិព័រណ័អាជីវកម្មកម្ពុជាលើកទី៤នេះ ដើម្បីបង្ហាញពីអាជីវកម្មថ្មីៗ ជាពិសេសស្នាដៃរបស់ម្ចាស់អាជីវកម្មដែលទើបនឹងបង្កើតបានថ្មីៗ ជាមួយនឹងផលិតផលថ្មីដែលជាការច្នៃប្រឌិតចម្រុះ ដែលមានគ្រប់វិស័យទាំងអស់នឹងចូលរួមធ្វើការតាំងបង្ហាញពីស្នាដៃ ផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីបង្ហាញទៅសាធារណជន និងជាការចាប់ផ្តើមក្នុងការរៀនធ្វើទីផ្សារ។

បើតាមលោក សំ កុសល ពិព័រណ៍អាជីវកម្មកម្ពុជាលើកទី៤ នឹងមានស្តង់ប្រមាណ ១០០ស្តង់ មកពីគ្រប់វិស័យ ដើម្បីបង្ហាញផលិតផលខ្លួន ជាមួយនឹងការចែកជូនផលិតផលដោយឥតគិតថ្លៃ ក៏ដូចជាការបញ្ចុះតម្លៃ ៥០% លើទំនិញមួយចំនួនផងដែរ ជាក់ស្តែងកង់ឡាន Ironhead ដែលជាក្រុមហ៊ុនសំបកកង់ដែលផលិតក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ក៏មកចូលរួមពិព័រណ៍អាជីវកម្មកម្ពុជានេះជាមួយនឹងការបញ្ចុះតម្លៃ ៥០% លើសំបកកង់ ហើយក៏មានការចែកសាប៊ូ និងឱសថជាច្រើនទៀត។

លោក សំ កុសល បានបញ្ជាក់ទៀតថា ចំណុចសំខាន់នៃការរៀបចំពិព័រណ៍អាជីវកម្មកម្ពុជា មិនមែនសំដៅតែទៅលើការលក់នោះទេ ប៉ុន្តែវាមានប្រយោជន៍យ៉ាងច្រើនដែលប្រយោជន៍ដែលធំនោះ គឺការរួមគ្នារវាង​ក្រុមអាជីវករ និងស្ថាប័នធំៗដ៏ទៃទៀត ដើម្បីលើកមុខមាត់អាជីវកម្មរបស់ខ្មែរ ហើយក្នុងនោះម្ចាស់អាជីវកម្ម ជាពិសេសម្ចាស់អាជីវកម្មថ្មី ក៏នឹងបានចាប់ផ្តើមរៀនក្នុងការធ្វើទីផ្សារលើផលិតផលរបស់ខ្លួនផងដែរ។

លោក សំ កុសល ក៏បានបញ្ជាក់ដែរថា ពិព័រណ័អាជីវកម្មកម្ពុជា ឆ្នាំ២០២៦ខាងមុខនេះ ក៏មានជាប្រភេទការកែរឆ្នៃខាងកសិកម្មម្ហូបអាហារ និងអាជីវកម្មផ្នែកបច្ចេកវិទ្យា និងមានផ្នែកអាជីវកម្មជាច្រើនទៀត សុទ្ធតែជាប្រភេទផលិតផលថ្មីៗ ប្លែក ហើយក្រុមការងារក៏កំពុងតែព្យាយាមទាញយកឱ្យបានច្រើនសម្រាប់ម្ចាស់អាជីវកម្មផ្នែកបច្ចេកវិទ្យា ជាពិសេសសម្រាប់អ្នកផ្គត់ផ្គង់អាជីវកម្មនៅក្នុងស្រុកតែម្តង ដើម្បីធ្វើទៅផ្សារជាគ្នា។

សូមបញ្ជាក់ដែរ ពិព័រណ៍អាជីវកម្មកម្ពុជា ឆ្នាំ២០២៦ នឹងរៀបចំនៅទីតាំងនៅផ្សារទំនើប ជីព ម៉ុង ២៧១ ដែលមានទីតាំងដ៏ធំទូលាយ ជាមួយនឹងការរំពឹងថា អាចទទួលបានអ្នកចូលពិព័រណ៍អាជីវកម្មនេះ​បានមានជាង ១០ម៉ឺននាក់។ អ្វីដែលពិសេសសម្រាប់ម្ចាស់អាជីវកម្ម ដែលនឹងចូលរួមយកផលិតផលរបស់ខ្លួនដើ​ម្បីធ្វើការតាំងបង្ហាញនៅក្នុងពិព័រណ៍ នឹងទទួលបានការជួយធ្វើវីដេអូប្រម៉ូតដោយផ្ទាល់ នៅលើបណ្តាញសង្គម ដើម្បីទទួលបានអតិថិជនកាន់តែច្រើនផងដែរ៕