លោក អ៊ុន ចាន់ដា ត្រូវតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម, លោក ខ្លូត ផន ត្រូវប្រកាសតែងតាំងជាអនុប្រធានកិត្តិយស
06-12-2025 11:21
(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ពិធីតែងតាំងសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម លោក ខ្លូត ផន ត្រូវបានប្រកាសតែងតាំងជាអនុប្រធានកិត្តិយស និងលោក អ៊ុន ចាន់ដា ត្រូវបានតែងតាំងជាប្រធាន, លោក គន់ សុភា ជាអនុប្រធាន លោក ហេង វុទ្ធី ជាអនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន លោក ហ៊ូ ពៅ ជាអនុប្រធាន លោក ថេង ឆេងលីម ជាអនុប្រធាន និងប្រធាន អនុប្រធាន តាមបណ្តាក្រុង ស្រុកទាំង១០ សរុប ៣៦នាក់ ក្នុងខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ប៊ុន មាំណត អនុប្រធានទី១ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃ អ.ន.ក.ដែលបានផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងរូបលោក និងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម ដើម្បីចូលចំណែកបេសកកម្មរបស់ អ.ន.ក. ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានយកឱកាសនោះ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តកំពង់ចាម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធល្អប្រសើរ ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម និងសុខដុមរមនាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម ឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕


































