លោ​ក ហេង រតនា ថា ប្រតិភូផ្ទះលេខ២ ក្នុងកិច្ចប្រជុំស្តីពីអនុសញ្ញាមីន ប្រឹងបំផ្លាញសមិទ្ធផលដ៏ធំធេងរបស់កម្ពុជា ដែលអនុវត្តជោគជ័យ លើអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ

06-12-2025 11:39

(ភ្នំពេញ)៖ តាមរយៈសំណេរបស់ខ្លួន បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានចាត់ទុកសកម្មភាពរបស់ប្រតិភូថៃ (គេតែងហៅបែបលេងសើចថាផ្ទះលេខ២) នៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា ប្រឹងបំផ្លិចបំផ្លាញសមិទ្ធផលដ៏ធំធេងរបស់កម្ពុជា ដែលអនុវត្តដោយជោគជ័យ លើអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ។

ក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ប្រតិភូថៃបានព្យាយាមយកវេទិកានេះ ដាក់បន្ទុក និងចោទប្រកាន់កម្ពុជាដាក់មីនថ្មី តាមបន្ទាត់ព្រំដែន ដែលខុសទៅនឹងអនុសញ្ញាអូតាវ៉ា ក្នុងចេតនាឱ្យមានការដាក់ទោសមកលើកម្ពុជា។

ភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ចុះពិនិត្យបច្ចេកទេស ដាក់ដំឡើងសំបកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK84 នៅសារមន្ទីរតេជោសន្តិភាពនៃខេត្តសៀមរាប មេស៉ីម៉ាក់របស់កម្ពុជា លោក ហេង រតនា​ បានលើកឡើងថា នៅក្នុងអគាររាងគ្រាប់មីន PMN-2​ ដែលជាសំណង់មេនៃសារមន្ទីរ​ កំពុងរៀបចំដាក់តាំងបង្ហាញរាល់ប្រភេទគ្រាប់សំណល់សង្គ្រាមនានានៅកម្ពុជា​ កម្រងរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម​ ជនរងគ្រោះដោយសារសង្គ្រាម​ រូបភាព​ សម្ភារបច្ចេកទេស​ និងសមិទ្ធផលវិស័យមីននៅកម្ពុជា។

លោកថា សំណង់អគាររាងគ្រាប់មីន PMN-2 នេះ​ ជានិមិត្តរូបនៃឆន្ទៈ​ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចសហគមន៍អន្តរជាតិ​ ទទួលស្គាល់នូវសមិទ្ធផលនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​ ប្រកបដោយជោគជ័យនៅកម្ពុជា។ គាប់ជួននៅថ្ងៃទី៥​ ខែធ្នូនេះ នៅក្រុងហ្សឺណែវប្រទេសស្វីស​ គណៈប្រតិភូផ្ទះលេខ២​ បានខិតខំបំផ្លិចបំផ្លាញសមិទ្ធផលដ៏ធំធេងនៃអនុសញ្ញាអន្តរជាតិមួយនេះ គ្រប់ៗគ្នាយល់ច្បាស់ថា​ ទង្វើនេះ​ ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ​ លើការធ្វើសង្គ្រាមឈ្លានពានកាន់កាប់បូរណភាពដែនដីកម្ពុជា​របស់ពួកគេ មកចោទថាកម្ពុជាដាក់គ្រាប់មីនថ្មីប្រល័យជើងកូនទាហ៊ាន ដែលបានចូលឈ្លានពាន។

លោកបានលើកឡើងទៀតថា រឿងនេះដូចគ្នារឿងក្នុងជីវភាពសង្គមធម្មតា​ៗ ដែលនិយាយលេងសើចផង និងជាការពិតផង គឺ «ចោរបែរជាប្តឹងចោទប្រកាន់ម្ចាស់ដីថា ទុកចោលអំបែងដបក្នុងដីបណ្តាឱ្យមុតជើងកូនចោរពេលចូលលួចទន្ទានយកដី»​! ទៅមនុស្សម្នាទាំងឡាយ ដើម្បីបង្វែរអារម្មណ៍អ្នកទាំងឡាយនោះឱ្យភ្លេចថា «ខ្លួនពួកគេជាអ្នកប្តឹងនោះជាចោរ»​! ហេតុអីបានជាអំបែងដបមុតជើង​ បើម្ចាស់ដីបោះបង់ចោលអំបែងដបនោះ ក្នុងដីរបស់គេសោះហ្នឹង​ បើខ្លួនលោកចោរឯងមិនចូលមកលួចទន្ទ្រានកាន់កាប់ដីនោះ​ ក៏អំបែងដបនោះវាមិនមុតជើងកូនចោរទាំងនោះដែរ!៕