អភិបាលខេត្តស្ទឹងត្រែង៖ បុព្វហេតុនៃរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ២ ធ្នូ បានដើរតួនាទីយ៉ាងសំខាន់ជួយសង្គ្រោះជីវិតពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

06-12-2025 12:14

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង និងជាអភិបាលខេត្ត បានលើកឡើងថា បុព្វហេតុនៃ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ នាពេលបច្ចុប្បន្ន។

ក្នុងនោះលោកអភិបាលបានបន្តថា ថ្ងៃ២ ធ្នូ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស បានរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដើម្បីធ្វើចលនាតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់របស់របបកម្ពុជាប្រជាធិបតេយ្យ។

ការលើកឡើងបែបនេះរបស់លោក សរ សុពុត្រា បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយលោក ឈាង ឡាក់ អនុប្រធានគណ:កម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិកា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត គណៈអភិបាលក្រុង ស្រុក លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំរិញខេត្ត យុវជន ស ស យ ក យុវជនកាកបាទក្រហម យុវជនស្រលាញ់សន្តិភាព និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) នៅព្រឹកថ្ងៃទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ។

បន្ថែមពីនោះទៀត លោកបានសង្កត់ធ្ងន់ថា រណសិរ្សតែងយកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជនដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់រដ្ឋ ព្រមទាំងប្រមូលផ្តុំគំនិតយោបល់ និងសំណូមពរពីប្រជាជនដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងដោះស្រាយ។ រណសិរ្សបានកំណត់ចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក សរ សុពុត្រា បានបញ្ជាក់ថា អង្គមីទ្ទិញថាត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ពិធីនេះក៏ជាការប្រកាសជាឱឡារិកថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕