អ្នកជំនាញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យគម្រោង វង់ទស្សនាសារមន្ទីរផ្សាភ្ជាប់ទីក្រុងរុនតាឯកតេជោសែន

06-12-2025 12:16

(សៀមរាប)៖ ក្រុមអ្នកជំនាញការអាដហុកផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នៅថ្ងៃទី០៥​ ខែធ្នូ ឆ្នាំ២០២៥ បានចុះពិនិត្យគម្រោងវង់ទស្សនា សារមន្ទីរកុលាលភាជន៍តានី ប្រាសាទ និងផ្សាភ្ជាប់ការទស្សនាប្រពៃណីរបស់ប្រជាជន នៅទីក្រុងរុនតាឯកតេជោសែន។

សូមជម្រាបថា ការរៀបខ្សែទស្សនាសារមន្ទីរឡតានី មានវង់ទស្សនា២ខ្សែ គឺខ្សែទី១ ទស្សនាខាងក្នុងសារមន្ទីរឡតានី រយៈពេល១ម៉ោង ដែលចាប់ពីការទស្សនាឡតានីផ្នែកខាងកើត ទស្សនាវាលស្រែ រួចបន្តទៅទស្សនាក្នុងសារមន្ទីរ ដោយមើលការតាំងពិព័រណ៍កុលាលភាជន៍ និងរចនាសម្ពន្ធឡ ជាដើម។

ខ្សែទស្សនានេះ អ្នកទស្សនាអាចបន្តចូលទៅទីតាំងរោងជាងដើម្បីទស្សនា និងធ្វើការផលិតកុលាភាជន៍ បន្ទាប់មកភ្ញៀវទេសចរអាចយកវត្ថុដែលគាត់បានធ្វើជាអនុស្សារីយ៍ផងដែរ រួចបញ្ចប់ការទស្សនាដោយដើរមើលឡនៅផ្នែកខាងលិច។ ចំណែកខ្សែទី២ គឺខ្សែភ្ជាប់មានរយៈពេល១ថ្ងៃ ចាប់ផ្តើមពីបញ្ជរលក់សំបុត្រ រួចបន្តទៅទស្សនាប្រាសាទបន្ទាយស្រី ទស្សនាប្រាសាទចប់ បន្តទៅទស្សនានៅសារមន្ទីរឡតានី (រយៈពេល១ម៉ោង)។

ជាមួយនេះ អាជ្ញាធរជាតិអប្សរា ក៏បានភ្ជាប់ខ្សែទស្សនាបន្តទៅទីក្រុងរុនតាឯកតេជោសែន ដើម្បីមើលពីជីវភាពរស់នៅ ការដាំដុះរបស់ប្រជាពលរដ្ឋជាដើម រួចបន្តទៅប្រាសាទចៅស្រីវិបុល ដែលជាប្រាសាទដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិព័ទ្ធជុំវិញ។

គួរបញ្ជាក់ដែរថា សារមន្ទីរកុលាភាជន៍តានី ត្រូវបានអ្នកស្រាវជ្រាវរកឃើញថាមានទួលឡចំនួន២៧ចែកចេញជា៥ក្រុម ដែលក្នុងនោះមានតែឡ២ក្រុមប៉ុណ្ណោះដែលបានគូរផែនទី និងធ្វើកំណាយស្រាវជ្រាវរួចរាល់។ សារមន្ទីរនេះត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ក្រោមអធិបតីភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន៕