មន្ត្រីចុះមូលដ្ឋាន និងអាជ្ញាធររួមគ្នា បើកទិវាបង្ហោះខ្លែងឯក អនុស្សាវរីយ៍ នៅឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដើម្បីថែរក្សាកេរដំណែលវប្បធម៌ខ្មែរ
06-12-2025 12:18
(ព្រៃវែង)៖ លោកបណ្ឌិត សាយ ឬទ្ធី ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និង លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែងព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹមនៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពីធីបង្ហោះ «ខ្លែងឯក» អនុស្សាវរីយ៍ ស្ថិតនៅវត្តពោធិរង្សី (ហៅវត្តត្រពាំងទឹម) ស្ថិតនៅភូមិត្រពាំងទឹម នៅឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
លោកបណ្ឌិត សាយ ឬទ្ធី បានថ្លែងថា ទិវាអបអរសាទរបង្ហោះខ្លែងឯក អនុស្សាវរីយ៍ ភូមិត្រពាំងទឹមនេះ មានគោលបំណងធំបំផុតគឺការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសគឺសិល្បៈនៃការបង្ហោះ «ខ្លែងឯក» ដែលជាកេរ្តិ៍ដំណែលអរូបីដ៏មានតម្លៃរបស់ជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌នេះ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ខ្លែងឯកមិនត្រឹមតែជាល្បែងកម្សាន្តនោះទេ ប៉ុន្តែ វាគឺជាការឆ្លុះបញ្ចាំងពីជំនឿ ស្មារតីសាមគ្គី និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ ហើយការសម្តែងបង្ហោះខ្លែងឯកជាលក្ខណៈប្រពៃណី ដែលមានសំលេង «ឯក» របស់ខ្លែងល្វើយលឺខ្ទរខ្ទារក្នុងបរិយាកាសដ៏ត្រជាក់។ ព្រឹត្តិការណ៍នេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់វប្បធម៌ជាតិទៅដល់យុវជនជំនាន់ក្រោយផងដែរ។
សូមបញ្ជាក់ថា ការបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹមនេះ មានចំនួន២ថ្ងៃ គឺថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានខ្លែងឯក ចំនួន ៧០ខ្លែង បានចូលរួមប្រកួតប្រជែង។
ក្នុងឱកាសបិទទិវាអបអរសាទរបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម លោកបណ្ឌិតផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ខ្លែងឯក លេខ១ ទទួលថវិកាចំនួន ៣០មុឺនរៀល លេខ២ ទទួលថវិកាចំនួន ២០មុឺនរៀល លេខ៣ ទទួលថវិកា ចំនួន១៥មុឺនរៀល លេខ៤ ទទួលថវិកា ១០មុឺនរៀល លេខ៥ ទទួលថវិកា ១០មុឺនរៀល និងខ្លែងដែលមិនបានទទូលជ័យលាភី ក្នុងមួយខ្លែងទទូលបាន ២ម៉ឺនរៀល ព្រមទាំងចំណាយផ្សេងជាច្រើនទៀតផងដែរ៕


















