គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ អំពាវនាវឱ្យមានការចូលរួមគាំទ្រ និងជួយលើកស្ទួយផលិតផលជាតិខ្មែរ
06-12-2025 12:22
(ភ្នំពេញ)៖ លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានអំពាវនាវឱ្យមានការចូលរួមគាំទ្រ និងជួយលើកស្ទួយផលិតផលជាតិខ្មែរ ដើម្បីជាការរួមចំណែកជួយដល់ប្រទេសជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក វ៉ៅ សុវ៉ាង បានអំពាវនាវដូចនេះនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិមួយ ផលិតផលមួយ ដើម្បីចាប់ដៃគូវិនិយោគបរទេស និងជំរុញការនាំចេញ ដែលនឹងរៀបចំរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥, ៦, ៧ ខែធ្នូ ឆ្នាំ២០២៥ នៅហ្វេកតូរីភ្នំពេញ ក្នុងទស្សនទាន៖ «លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាមរយៈការជំរុញផលិតផលក្នុងស្រុក ពិសេស ភូមិ១ ផលិតផល១ ទៅកាន់ទីផ្សារពិភពលោក»។
លោក វ៉ៅ សុវ៉ាង បានបន្ថែមថា ការចូលរួមលើកស្ទួយផលិតផលជាតិ ជាការចូលរួមជួយដល់ប្រជាកសិករឱ្យមានជីវភាពធូធារ និងកាត់បន្ថយការចំណាកស្រុក និងចូលរួមផ្តល់កម្លាំងចិត្តសម្រាប់ម្ចាស់អាជីវកម្មតូចៗ ដែលកំពុងតែចាប់ផ្តើមធ្វើអាជីវកម្ម ដើម្បីបានបន្តពង្រីកអាជីវកម្មរបស់ខ្លួនឱ្យបានកាន់តែរីកច្រើនបន្ថែមទៀត។
លោក វ៉ៅ សុវ៉ាង ក៏បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មលក់ផលិតផលខ្មែរ ត្រូវពង្រឹងគុណភាពផលិតផលរបស់ខ្លួន ទាំងសុវត្ថិភាព គុណភាព និងអនាម័យខ្ពស់ ដើម្បីជាទីទុកចិត្តរបស់អតិថិជនរបស់ខ្លួន ទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក ជាពិសេសត្រូវបន្តចាប់ឱកាសឱ្យបានខ្ពស់ ក្នុងការពង្រីអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេសឱ្យបានច្រើន ដើម្បីបង្ហាញពីគុណភាពផលិតផលជាតិខ្មែរ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិមួយ ផលិតផលមួយ ដើម្បីចាប់ដៃគូវិនិយោគបរទេស និងជំរុញការនាំចេញ មានបេសកកម្មចំបងៗ រួមមាន៖ លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ដើម្បីឱ្យសាធារណជនគាំទ្រផលិតផលក្នុងស្រុក ពិសេសផលិតផលរបស់ភូមិ១ ផលិតផល១។ រុញច្រានផលិតផលខ្មែរ ជ្រៀតចូលទៅក្នុងទីផ្សារបរទេស តាមរយៈការស្វែងរកទីផ្សារទាំងក្នុង និងក្រៅប្រទេសសំដៅរួមចំណែកបង្កើនប្រាក់ចំណូល ដល់ម្ចាស់អាជីវកម្ម មីក្រូសហគ្រាសជាតិ និងសហគ្រាសភូមិ១ផលិតផល១។
ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃ មានសកម្មភាពសំខាន់ៗដូចជា៖ ពិព័រណ៍ផលិតផលខ្មែរ៖ ព្រឹត្តិការណ៍ផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស និងសហគ្រាសភូមិ១ផលិតផល១ ស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស ដើម្បីបង្កើនការលក់។ ស្តង់ចំនួន៥០ នឹងបង្ហាញផលិតផលនានា មកពីសមាជិកភូមិ១ផលិតផល១ ក៏ដូចជាសហគ្រាសខ្មែរទូទៅ។ កិច្ចពិភាក្សាតុមូល៖ កិច្ចពិភាក្សាតុមូលផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាស ភូមិ១ ផលិតផល១ យល់ដឹងពីផ្នត់គំនិតកាន់តែល្អប្រសើរ ក្នុងការផលិត កែច្នៃ និងវេចខ្ចប់ ដើម្បីគាំទ្រការនាំចេញប្រកបដោយតម្លៃបន្ថែម។
វគ្គបណ្តុះបណ្តាល៖ ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាសភូមិ១ ផលិតផល១ ទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងអាជីវកម្ម ផែនការហិរញ្ញវត្ថុ និងទីផ្សារឌីជីថលជាដើម។ ការផូផ្គងអាជីវកម្ម និងកសាងបណ្តាញ៖ ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាសភូមិ១ ផលិតផល១ មានឱកាសស្វែងរក និងចាប់ដៃគូ អាជីវកម្មដូច ឬបំពេញគ្នា ដើម្បីពង្រីកវិសាលភាពអាជីវកម្មទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកផលិត និងទីផ្សារ។ ឱកាសការងារខាងក្នុង និងខាងក្រៅស្រុក៖ ព្រឹត្តិការណ៍ផ្តល់ជូនម្ចាស់អាជីវកម្ម និងសហគ្រាស ឱកាសក្នុងការស្វែងរកបេក្ខជនសមស្របដែលកំពុងរកការងារធ្វើ។ រីឯអ្នកចូលរួមទស្សនា អាចស្វែងរកឱកាសការងារទាំងក្នុងស្រុក និងក្រៅប្រទេស៕



















