អាជ្ញាធរជាតិអប្សរា នឹងកែសម្រួលចរាចរ ចូលទស្សនាប្រាសាទមួយចំនួន រយៈពេលមួយព្រឹក នៅថ្ងៃទី១១ ខែធ្នូ ដើម្បីរៀបចំព្រះរាជពិធី កាត់ឫសសីមាវត្តកេតកន្យារាម
06-12-2025 12:30
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រះរាជពិធីកាត់ឫសសីមា វត្តកេតកន្យារាម ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីកាត់ឫសសីមាវត្តកេតកន្យារាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង អាជ្ញាធរជាតិអប្សរា នឹងកែសម្រួលការធ្វើចរាចរសម្រាប់ការ ចូលទស្សនាប្រាសាទមួយចំនួន រយៈពេល១ព្រឹក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖
* បិទចរាចរពីរង្វង់មូលផ្លូវបំបែកស្រះស្រង់ រហូតដល់កែងខាងលិចឈៀងខាងត្បូងប្រាសាទតាព្រហ្ម
* ភ្ញៀវទេសចរអាចទស្សនាប្រាសាទបានធម្មតា ដោយក្នុងនោះប្រាសាទតាព្រហ្មអាចចូល-ចេញតាម ច្រកខាងលិច ប៉ុន្តែមិនអនុញ្ញាតឱ្យចេញតាមច្រកខាងកើត។ រីឯប្រាសាទបន្ទាយក្តីអាចចូល-ចេញ តាមច្រកខាងកើត ប៉ុន្តែមិនអនុញ្ញាតឱ្យចេញតាមច្រកខាងលិច។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត តាមការគួរ៕






