រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥

06-12-2025 13:33

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ «ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)» ដែលជាព្រឹត្តិការណ៍អម ក្នុងវេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក សុខ ពុធ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី Esther McFarlane មន្ត្រីទទួលបន្ទុកការិយាល័យ អង្គការយូណេស្កូប្រចាំនៅភ្នំពេញ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ កម្ពុជា (ODC) លោក Chengetai Masango ប្រធានការិយាល័យ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ (UN) នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើងរួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ គូសបញ្ជាក់ពីអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ការពិភាក្សារបស់វេទិកាដូចជា៖

១៖ ការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែលគ្រប់គ្រងហានិភ័យ ដែលទាក់ទងនឹងភាពឯកជននៃទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។
២៖ ការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើ ប្រើប្រាស់ និងបង្កើតតម្លៃតាមរយៈឧបករណ៍ឌីជីថល ដោយមិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយក្នុងការផ្លាស់ប្តូរឌីជីថលឡើយ។
៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងសន្តិសុខតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និងកសាងបរិយាកាសឌីជីថលដែលគួរឱ្យទុកចិត្ត។
៤៖ លើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាងលើសមិទ្ធផលជាតិថ្មីៗក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន។
៥៖ ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែលទើបនឹងបង្កើតថ្មី ដោយធានាថាមនុស្សជំនាន់ក្រោយ គឺជាស្ថាបត្យករនៃគោលនយោបាយឌីជីថលដែលនឹងកំណត់អនាគតរបស់ពួកគេ។

លោករដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគត ឌីជីថលរួមគ្នា។ ជាពិសេស យកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន៕