អគ្គនាយក ARDB ចែករំលែកពីស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត

06-12-2025 13:40

(សៀមរាប)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «Financing the Future: Connecting Capital to Impact on Climate»ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, លោកបណ្ឌិតបានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖

១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture)
២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and How to De-Risk)
៣- ឧបករណ៍ហិរញ្ញប្បទានបៃតង (Green Finance Instruments)
៤- ការវិនិយោគលើហិរញ្ញប្បទានបៃតង (Investment in Green Finance)
៥- ឧត្តមានុវត្តរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Best Practice) ក្នុងការចូលរួមអភិវឌ្ឍហិរញ្ញប្បទានបៃតងនៅកម្ពុជា។

បន្ថែមពីនេះ, លោកបណ្ឌិត ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យចូលរួមដំណើរឆ្ពោះទៅរកហិរញ្ញប្បទានបៃតង ដោយ៖
១- បង្កើននិងពិពិធកម្ម សំពៀតឥណទានទៅរកហិរញ្ញប្បទានបៃតង។
២- បង្កើតឧបករណ៍ ហិរញ្ញប្បទានបៃតងឱ្យកាន់តែសម្បូរបែប។
៣- បង្កើនបរិយាប័ន្ន ហិរញ្ញប្បទានបៃតង។
សកម្មភាពទាំងនេះ គឺសំដៅចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ប្រទេសកម្ពុជា៕