ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើលិខិតលាលែងពីមុខតំណែងហើយ
06-12-2025 13:51
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលជាជនជាតិថៃ បានធ្វើលិខិតលាលែងពីមុខតំណែងហើយ។
តាមរយៈបណ្តាញសង្គម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលខ្ញុំបានជួបសន្ទនាជាមួយលោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាស៉ីប៉ាស៉ីហ្វិក។ ខ្ញុំបានប្រាប់គាត់ថា ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់ លើកលែងតែលោក វិទីត មួយ ដែលខ្ញុំមិនបានផ្ញើទៅគាត់។
ជាសុជីវធម៌មួយដែលមិនចង់ឱ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថា រំលោភសិទ្ធមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេ ហើយប្រហែលជាក្រុមជ្រុលនិយមថៃ ឬទាហានថៃចោទថាគាត់ក្បត់ជាតិ។ តែខ្ញុំមានសំណូមពរមួយថាពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា ពីព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឱ្យពួកគាត់មានការលំបាក។
ខ្ញុំក៏បានបង្ហាញពីការងាររបស់ខ្ញុំដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ ខ្ញុំកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក។ ហើយខ្ញុំសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទួលបានការងារកាន់តែប្រសើរក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។ គួរឱ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើន នៅក្នុងប្រទេសថៃ ពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិ ដោយសារភាពជ្រុលនិយមងុបងល់ដោយអគតិ»៕








