សម្តេច ម៉ែន សំអន រំឭកពីប្រវត្តិ នៃការបង្កើតរណសិរ្ស ២ ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ក្នុងឱកាសសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប
06-12-2025 14:01
(សៀមរាប)៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តសៀមរាប។ មានវត្តមានអមសម្តេច អនុប្រធានគណបក្សនាឱកាសនោះ រួមមាន ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន លោក លោកស្រី អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តសៀមរាប សរុបប្រមាណ ៤០០នាក់ ចូលរួម។
លោក អ៊ាង ឃុន អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈចលនាមហាជនខេត្តសៀមរាប បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប ព្រមទាំងរាយការណ៍សង្ខេប អំពីស្ថានភាពទូទៅក្នុងខេត្តជូនគណៈអធិបតី។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចអនុប្រធានបាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់ រចនាសម្ព័ន្ធទំងអស់ ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចបានលើកឡើងពីការលះបង់ និងគុណូបការៈដ៏ថ្លៃថ្លារបស់បិតាស្ថាបនិករណសិរ្ស ដែលបានធ្វើការតស៊ូវាយរំលំរបបប្រល័យពូជសាសន៍ រហូតទទួលបានជោគជ័យ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។
សម្តេចបានលើកឡើងបន្តទៀតថា កិច្ចជំនួបថ្ងៃនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងសតិអារម្មណ៍មហាជន នៅក្នុងមូលដ្ឋានរៀងៗខ្លួន សំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយ ដែលគណបក្សបានខិតខំកសាងដោយលំបាក។
ជាមួយគ្នានោះដែរ សម្តេចក៏បានជម្រាបជូនអង្គពិធីនូវការវិវឌ្ឍថ្មីៗ នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសម្តេចបានរំលេចនូវចំណាត់ការ និងការខិតខំប្រេងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការគ្របគ្រងស្ថានការណ៍ បញ្ជៀសនូវបញ្ហាធ្ងន់ធ្ងរ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត យកទៅផ្សព្វផ្សាយដល់សមាជិក សមាជិកា និងមហាជនទូទៅក្នុងមូលដ្ឋាន៕




































