ថ្នាក់ដឹកនាំខេត្តសៀមរាប ស្នើផលិតករក្នុងស្រុកទាំងអស់ ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព និងការវេចខ្ចប់ ប្រកបដោយអនាម័យខ្ពស់

06-12-2025 15:23

(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានស្នើផលិតករក្នុងស្រុកទាំងអស់ ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព និងការវេចខ្ចប់ ប្រកបដោយអនាម័យខ្ពស់ ព្រមទាំងការដាក់ស្លាកច្នៃផលិតឲ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។

លោកបន្តថា កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បងប្អូនផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះគឺ ការចូលរួមគាំទ្រទិញផលិតកម្មខ្មែរពីប្រជាពលរដ្ឋយើង ដើម្បីជួយឲ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន។

ការស្នើយ៉ាងដូច្នេះរបស់លោក លី សារី នៅក្នុងពិធីបើកពិព័រណ៍ផលិតផលអង្គរ ឆ្នាំ២០២៥ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីធ្លាសួនច្បារមុខសណ្ឋាគារវិចតូរីយ៉ា ក្រុងសៀមរាប ដោយមានការចូលរួមពីលោក តាន់ យុវរដ្ឋ អគ្គរងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជ និងលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ តំណាងរដ្ឋបាលក្រុងសៀមរាប និងផលិតករ ពាណិជ្ជករ កសិករ ព្រមទាំងសិស្សានុសិស្សជាច្រើនផងដែរ។

លោកបានបន្តថា ខេត្តសៀមរាបមានសក្តានុពលសំខាន់ៗ ក្រៅពីទេសចរណ៍ គឺមានវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផលសំខាន់ៗ ដូចជា៖ ផលិតផលកែច្នៃមានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាប ក៏មានដំណាំរួមផ្សំ ដូចជា៖ បន្លែ និងផ្លែឈើជាច្រើនផងដែរ។

លោកបន្ថែមថា ផលិតផលទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ។ ប៉ុន្តែ បរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាព នៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។

លោក លី សារី បញ្ជាក់ថា កត្តានេះដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុក ត្រូវខិតខំបង្កើតឲ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺគុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តំលៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផលផងដែរ។

លោក តាន់ យុវរដ្ឋ បានលើកឡើងថា ការរៀបចំពិព័រណ៌នេះឡើង ក្នុងគោលបំណងដើម្បីជួយជម្រុញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការផលិតនូវផលិតផលឲ្យកាន់តែមានគុណភាព និងមានលក្ខណៈសម្បូរបែប ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍វិស័យឯកជន។

លោក ភឿន គឹមលី បានលើកឡើងថា ការតាំងពិព័រណ៍នាពេលនេះ ដែលមានការចូលរួមពីវិស័យរដ្ឋ វិស័យឯកជន សមាគម អង្គការ អ្នកផលិត កសិករ និងសាលារៀន ដែលមានស្តង់សរុបទាំងអស់ចំនួន៨៥ ដែលមកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម នឹងជួយបង្ហាញ និងលើកកំពស់ផលិតផលខ្មែរឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ជាពិសេស ចំពោះការផលិតនូវបន្លែសុវត្ថិភាព និងការកែច្នៃកសិផលប្រកបដោយគុណភាពខ្ពស់។

សូមជម្រាបថា ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយជម្រុញសកម្មភាពពាណិជ្ជកម្ម ជាពិសេសផលិតផល និងកសិផលក្នុងខេត្ត ឲ្យកាន់តែមានភាពរស់រវើកសំដៅប្រែក្លាយផលិតផលនៅក្នុងស្រុក ឲ្យទទួលបាននូវការគាំទ្រ និងការប្រើប្រាស់កាន់តែច្រើនឡើង៕