ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយពីអំពើហិង្សាទៅលើស្ត្រី បញ្ហាក្មេងទំនើង លុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន

06-12-2025 15:19

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានបានជំរុញដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការ ផ្សព្វផ្សាយពីអំពើហិង្សាទៅលើស្ត្រី បញ្ហាក្មេងទំនើង លុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន។ ក្នុងនោះអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សដែលជួបប្រទះបញ្ហាកង្វះគ្រូបង្រៀន ដែលធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់ជនបទ។

ការជំរុញយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន សម្រាប់គោលដៅទី៨ នៅស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីប្រមូលបញ្ហាប្រឈម និងក្ដីកង្វល់ប្រជាពលរដ្ឋ យកមកពិនិត្យ ឆ្លើយតប និងដោះស្រាយតាមរយៈផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

លោកបានណែនាំមន្ទីរអបរំខេត្ត ត្រូវធ្វើការឱ្យបានឆាប់រហ័សក្នុងរឿងនេះ និងសូមឱ្យយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង ជាពិសេសគ្រឿងញៀន និងបារីអេឡិចត្រូនិក។

លោក លី សំរិទ្ធ បញ្ជាក់ថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅធានាឱ្យមានការអនុវត្តនូវគោលការណ៍នៃអភិបាលកិច្ចល្អ និងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ព្រមទាំងឱ្យអាជ្ញាធរបានដឹងឮ និងរកដំណោះស្រាយជូនផងដែរ។

លោក អ៉ឹង គឹមលាង បានលើកឡើងថា វេទិកានាពេលនេះ ជាការបើកចំហក្នុងការទទួលយកមតិយោបល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះរបស់ខេត្ត។

លោកក៏បានស្នើរដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបញ្ហាដីធ្លីក្នុងមូលដ្ឋាន ក្ដាប់ឱ្យជាប់នូវបញ្ហាក្មេងទំនើង គ្រឿងញៀន បារីអេឡិចត្រូនិក ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានខ្ពស់។

សូមជម្រាបថា វេទិកានាពេលនេះ ក្រុមការងារបានទទួលសំណួរ សំណូមពរចំនួន២១ ក្នុងនោះសំណួរសំណូមពរផ្ទាល់មាត់ចំនួន១០ ត្រូវបានមន្ត្រីជំនាញបកស្រាយជូនភ្លាមៗ។ ដោយឡែក សំណួរសំណូមពរជាលាយលក្ខណ៍អក្សរចំនួន១១ ក្រុមការងារនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ប្រជាពលរដ្ឋនៅពេលក្រោយ៕