លោក ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ នៅខេត្តសៀមរាប

06-12-2025 15:26

(សៀមរាប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៥ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ នៅខេត្ដសៀមរាប។

សម្រាប់ផ្លូវក្រាលកៅស៊ូពីរជាន់«DBST» ចំនួន៣ ខ្សែ មានដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវស្វាយចេក-ជប់តាត្រាវ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៧,២០គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិគោព្រះថ្មី ឃុំស្វាយចេក ឆ្លងកាត់ឃុំរើល ទៅកាន់ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨ ៥២៦គ្រួសារ និងអ្នកទទួលផលដោយប្រយោល ចំនួន ២៩ ៩៨៤គ្រួសារ។

ខ្សែទី២៖ ឈ្មោះផ្លូវតាត្រាវ - រើល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១០,០០គ.ម ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ទៅកាន់ភូមិរើល ឃុំរើល ស្រុកពួក ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៩ ៧២៨គ្រួសារ និងប្រយោល ចំនួន ២១ ៣៩១គ្រួសារ។

ផ្លូវទាំង ២ខ្សែនេះ ត្រូវបានសាងសង់ហើយ ១០០% នៅក្នុងខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា RID4CAM ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារ KfW, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។ ខ្សែផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ១៨ ២៥៤គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ៥១ ៣៧៥គ្រួសារ។

ខ្សែទី៣៖ ឈ្មោះផ្លូវពួក-អង្គរជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៩,៥០ គ.ម. ទទឹង ៦ម៉ែត្រ ត្រូវបានសាងសាង់កាលពីឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌកម្រោង RRIP-II ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ខ្សែផ្លូវនេះ ជាផ្លូវយុទ្ធសាស្ដ្របម្រើសេដ្ឋកិច្ច តភ្ជាប់ពីភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ទៅកាន់ភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ។ បច្ចុប្បន្នផ្លូវនេះ កំពុងស្ថិតក្នុងផែនការថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ស្ថិតនៅក្នុងភូមិកណ្តោល ស្ថិនៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ។សូមរំលឹកជូនថា ក្នុងឱកាសចុះពិនិត្យសក្ដានុពលភូមិ ដើម្បីអភិវឌ្ឍភូមិនេះ ឱក្លាយជាភូមិគំរូគន្លឹះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់សម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងទីស្នាក់ការគណៈកម្មការអភិវឌ្ឍន៍ភូមិនេះដូចជា តុវែង១ កៅអីចំនួន ១២ កុំព្យូទ័រ ១គ្រឿង និងថវិកា ២លានរៀលផងដែរ៕