ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំ ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា មិនខ្វាយខ្វល់ពលរដ្ឋដឹកជនជាតិចិនដែលសន្លប់លើកង់បីយកទៅឲ្យដល់ប៉ុស្តិ៍នគរបាល

06-12-2025 15:51

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមិនទទួលដោះស្រាយករណីជនជាតិចិនម្នាក់ ដេកលក់លើម៉ូតូកង់៣ (PassApp) របស់ខ្លួនមិនក្រោក។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក មានអ្នករត់កង់បី (PassApp) ផ្លាកលេខ ភ្នំពេញ 1LF-4963 មិនស្គាល់អត្តសញ្ញាណ បានបើកកង់បីខាងលើ មកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ នៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ។

ពេលនោះអ្នកបើកបរកង់បី បានចូលមករាយការណ៍ថា មានជនជាតិចិនម្នាក់ បានដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើបឡើយ។ ពេលទទួលបានព័ត៌មាន, មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះកំពុងដេកក្នុងកង់បីមែន ក៏បានសួរទៅអ្នកបើកបរកង់បីនោះពីដំណើររឿង។

អ្នកបើកបរកង់បីបាននិយាយប្រាប់ថា នៅវេលាម៉ោងប្រហែល ៥ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ គាត់បានដឹកជនជាតិចិន ចេញពីការ៉ាស់សាំងតេលារង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារ ទៅផ្សារទំនើបអ៊ីអន៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូល វិមានឯករាជ្យ ជនជាតិចិននោះក៏បានដេកដាស់មិនងើបឡើយ។

ពេលនោះគាត់ក៏ដឹកមកការ៉ាស់សាំងតេលារង្វង់មូលព្រហ្មមុខបួនវិញ ហើយសួរនាំអ្នកជិតៗនោះថា ជនជាតិចិននោះមកពីណា? គេក៏ប្រាប់គាត់ថា ដឹកយកទៅប៉ុស្តិ៍ទៅ។ បន្ទាប់មកគាត់ក៏ដឹកជនជាតិចិននោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។

មន្ត្រីនគរបាលម្នាក់ បានដាស់ជនជាតិចិននោះ តែគាត់មិនងើបឡើយ គ្រាន់តែបើកភ្នែកមើល ហើយស្រែកហឹះ! រួចក៏បិទភ្នែកដេកទៅវិញទៅ។ ក្រោយពីដាស់ជនជាតិចិននោះ មិនងើប មន្ត្រីប៉ុស្តិ៍ក៏ចូលមកប៉ុស្តិ៍ហើយ រាយការណ៍ជូនលោកនាយប៉ុស្តិ៍ ខណៈនោះលោកនាយប៉ុស្តិ៍ក៏ប្រាប់ឲ្យអ្នកបើកបរកង់បី ដឹកគាត់យកទៅពេទ្យទៅ ហើយបុរសនោះក៏ដឹកជនជាតិចិនចេញទៅបាត់ ទើបបន្ទាប់មកឃើញបុរសអ្នករត់កង់៣ខាងលើ បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ចោទលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ជ្រោយចង្វារដេញគាត់ចេញពីប៉ុស្តិ៍មិនជួយទទួលដោះស្រាយករណីជនជាតិចិន៕