អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ពីដំណោះស្រាយសម្រាប់អ្នកផលិតមាតិកា ដែលមិនទាន់គ្រប់អាយុ ក្នុងលក្ខខណ្ឌប្រកាសថ្មី (Video inside)
06-12-2025 16:15
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ពីដំណោះស្រាយសម្រាប់អ្នកផលិតមាតិកា ដែលមិនទាន់គ្រប់អាយុ ក្នុងលក្ខខណ្ឌប្រកាសថ្មី ក្រោយមានការប្រតិកម្មត្រង់ចំណុចនេះ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ, ក្រសួងព័ត៌មាន ដែលមានលោក នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានចេញប្រកាសថ្មីស្ដីពីលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានក្នុងប្រទេស។
ក្រោយប្រកាសនេះបានដាក់ចេញមិនប៉ុន្មានម៉ោង, បណ្ដាអ្នកលេងបណ្ដាញសង្គម បានចាប់អារម្មណ៍យ៉ាងខ្លាំងលើលក្ខខណ្ឌថ្មីនេះ ជាពិសេសសម្រាប់កត្តាអាយុចំពោះអ្នកផលិតមាតិកា ដែលតម្រូវឱ្យមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ និងត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។
ការណ៍នេះ ធ្វើឱ្យអ្នកលេងបណ្ដាសង្គមបានលើកឡើងខុសៗគ្នា មតិខ្លះក៏គិតថាសមហេតុផល តែមតិខ្លះហាក់មិនសូវពេញចិត្តនឹងចំណុចនេះ ដ្បិតថាយុវជនខ្លះមានសក្ដានុពលក្នុងការចូលរួមជួយសង្គមតាមរយៈការផលិតមាតិកា ក៏ប៉ុន្តែកត្តាអាយុអាចជារនាំងសម្រាប់មនសិការរបស់ពួកគេ។
ជាការឆ្លើយតប ក្នុងនាមក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា កត្តាអាយុនេះ ជារឿងមួយផ្នែកប៉ុណ្ណោះ ដោយយើងនឹងត្រូវពិនិត្យពីលក្ខណៈសម្បត្តិជាច្រើនទៀត។ ប្រសិនជាគាត់ពិតមានសមត្ថភាព និងបានចូលរួមយ៉ាងសកម្មបំផុតក្នុងការជួយដល់សង្គម នេះជារឿងដោយឡែក ដែលក្រសួងនឹងលើកទឹកចិត្តដល់ពួកគាត់៕
សូមស្ដាប់ការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ៖












