អភិបាលខេត្តរតនគិរី អញ្ជើញបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៧៨-៥ ប្រវែង៤,១០០ម៉ែត្រ ក្នុងឃុំប៉ូយ ស្រុកអូរជុំ
06-12-2025 16:24
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ បានអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ប្រវែង ៤,១០០ម៉ែត្រ ស្ថិតក្នុងឃុំប៉យ ស្រុកអូរជុំ។ ពិធីខាងលើនេះដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, លោកមេបញ្ជាការ-មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត, លោក អភិបាល-អភិបាលរងស្រុក, មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា គម្រោងជួសជុលផ្លូវជាតិលេខ ៧៨-៥ ប្រវែង ៤,១០០ម៉ែត្រនិង ទទឹង៧ម៉ែ៎រ ពី PK 21+950 ដល់ PK 26+050 ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) មានពីរគន្លង ជាកញ្ចប់ ថវិកាជាតិ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួសជុល ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលបានកំណត់ ក្នុងគម្រោង សម្រាប់ឆ្នាំ២០២៦។
ជាមួយគ្នានេះប្រធានមន្ទីរបាន គោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអនុញ្ញាតផ្តល់ជូននូវកំណាត់ផ្លូវនេះ ពីព្រោះថា ផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងស្រុកអូរជុំ ស្រុកតាវែង និងទីរួមខេត្តទាំងមូល។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ លោក ញ៉ែម សំអឿន បានចាត់ទុក ផ្លូវជាតិលេខ ៧៨-៥នេះ ពិតជាបំរើផលប្រយោជន៍ ដល់ស្រុកអូរជុំ ស្រុកតាវែង រួមមានប្រជាជន ក្នុងឃុំប៉ូយ និងឃុំអូរជុំ ដែលតភ្ជាប់ពីស្រុកអូរជុំ ស្រុកតាវែង និងពី ស្រុកតាវែង ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ៧៨ ទីរួមខេត្តរតនគិរី។
លោកបន្តថា ផ្លូវ មួយខ្សែនេះវាជាតម្រូវការមិនអាចខ្វះបានរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរ ទៅកាន់ទីផ្សារ សាលារៀន មន្ទីរពេទ្យ និង ការដឹកជញ្ជូនទំនិញភោគផលកសិ-ឧស្សាហកម្ម ពិសេសរួមជាមួយ នឹងកិច្ចការពារ អធិបតេយ្យភាពទឹកដី។
លោកញ៉ែម សំអឿន បាន សំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយ សហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្ម ខ្សាច់ ដោយធ្វើការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។ ពិសេសអាជ្ញាធរដែនដី នៃស្រុកទាំង២ មេត្តាផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួម សហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ៕



















