និស្សិតកម្ពុជាកំពុងសិក្សានៅខេត្តយូណាន បង្ហាញសាមគ្គីភាពជាធ្លុងមួយ ដើម្បីកម្ពុជា

06-12-2025 16:38

(ចិន)៖ នាពេលថ្មីៗកន្លងមកនេះ ក្រុមការងារសមាគមនិស្សិត ACSC ប្រចាំខេត្តយូណាន ដឹកនាំដោយលោកវេជ្ជបណ្ឌិត លី សៀវហ្វុង អនុប្រធានក្រុមប្រឹក្សាភិបាលនិង ជាប្រធាននិស្សិតកម្ពុជាប្រចាំខេត្តយូណាន បានរៀបចំពិធីសំណេះសំណាល អាហារសាមគ្គី និងបូកសរុបសមិទ្ធិផលការងារ និងលើកទិសដៅការងារបន្ត កិច្ចការនិស្សិតប្រចាំយូណានឆ្នាំ២០២៦។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និង លោក ហួ សុផារ៉ា អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ព្រមទាំងមានការចូលរួមពីសំណាក់ លោក ស៊ីវ លីមអ៊ាន កុងស៊ុលប្រចាំទីក្រុងគុនមិញ និងសមាជិក សមាជិកាសមាគមសរុប១៣០រូប ដែលកំពុងសិក្សានៅទីក្រុងគុនមីង ខេត្តយូណាន។

លោកវេជ្ជបណ្ឌិត លី សៀវហ្វុង បានលើកឡើងថា ក្រោយជំនួបរវាងនិស្សិតកំពុងសិក្សានៅខេត្តយូណាន ជាមួយសម្ដេចធិបតីនាយករដ្ឋមន្រ្តី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញកន្លងទៅនេះ សម្ដេចធិបតី បានឯកភាពតាមសំណើររបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដោយបានឧបត្ថម្ភសម្ភារៈសិល្បៈមួយចំនួនធំ ដើម្បីប្រើប្រាស់ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ការសម្ដែងរបាំប្រពៃណីជាតិ និងចូលរួមចំណែកផ្សាព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរណ៍ចិន នៅប្រទេសចិន។
សម្ភារៈសិល្បៈប្រពៃណីទាំងអស់នេះហើយ ដែលបានចូលរូមចំណែកយ៉ាងធំធេង ក្នុងសកម្មភាពរបស់សមាគមនិស្សិត ទូទាំងប្រទេសចិន តាមរយៈការផ្សព្វផ្សាយ ក្នុងកម្មវិធីតាំងពិរព័ណវប្បធម៌អន្តរជាតិ នៅតាមសាកលវិទ្យាល័យជាច្រើនដែលមាននិស្សិតខ្មែរយើង កំពុងសិក្សា។

លោក ហួ សុផារ៉ា អគ្គកុងស៊ុល បានលើកឡើងថា និស្សិតខ្មែរគ្រប់រូបមានឪកាសមកសិក្សានៅប្រទេសចិន គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់ក្នុងការដឹកនាំប្រទេសជាតិតាំងពីបាទដៃទទេ រហូតមកដល់បច្ចុប្បន្ន។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមីង ចំពោះនិស្សិតខ្មែរកំពុងសិក្សា នៅក្នុងខេត្តយូនណាននេះ និងបានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់ក្រុមការងារសមាគមប្រចាំខេត្តយូណាន ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត លី សៀវហ្វុង នាពេលកន្លងមក។

លោក អ៊ុំ វុទ្ធទី បានបង្ហាញពីការយកចិត្តទុកដាក់ និងក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំកំពូល ដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ចំពោះនិស្សិតខ្មែរគ្រប់រូបដែលសិក្សានៅប្រទេសចិន ដែលនឹងក្លាយជាមូលធនមនុស្សដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត។

ជាមួយគ្នាដែរនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានពាំនូវអនុសាសន៍ណែនាំរបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាចំពោះនិស្សិត នោះគឺការអត់ធ្មត់ តស៊ូ ព្យាយាម ខិតខំរៀនសូត្រ ដែលជាក្លាយជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។

ជាចុងក្រោយ លោកស្ថាបនិកសមាគមនិស្សិតកម្ពុជាប្រចាំសាធាណារដ្ឋប្រជាមានិតចិន បានលើកទឹកចិត្តឱ្យនិស្សិតខ្មែរគ្រប់រូប បន្តសាមគ្គីភាព ឯកភាពជាធុងមួយ និងមានមសិការស្នេហាជាតិ ដើម្បីកម្ពុជាយើងទាំងអស់គ្នា៕