នគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ

06-12-2025 16:43

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំ ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿង ម៉ាកព្រុសពាក់ផ្លាកលេខបាត់ដំបង 2B-4571នៅតាមដងផ្លូវ ក្រោយពីចាប់បាន កម្លាំងបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

បើតាមអ្នកចំលើយសារភាពរបស់អ្នកបើករថយន្តឈ្មោះ ផន មិត បានឆ្លើយសារភាពថា ខ្លួនត្រូវបានមិត្តភក្តិណែនាំឱ្យដាក់រថយន្តជួល និងធ្វើការជាអ្នកបើកបរ ឱ្យគេឈ្មោះ LAI KOK CHING បន្ទាប់ពីសាកសួរចប់ និងបានពិនិត្យមើលទូរស័ព្ទដៃ របស់ឈ្មោះ LAI KOK CHING រកឃើញថា ក្នុងទូរស័ព្ទដៃរបស់ឈ្មោះ LAI KOK CHING មានថតរូប និងរក្សាទុករូបភាព ឧបករណ៍សម្ភារៈ ប្រភេទនោះជាច្រើន និងមានរូបភាព នៃការរៀបចំតម្លើងឧបករណ៍ទាំងនោះទៀតផង។

ផ្អែកតាមចម្លើយសារភាព ជនសង្ស័យមានការលាក់លៀម ភូតកុហក និងយោងតាមចម្លើយសារភាពរបស់ បុរសអ្នកបើកបររថយន្ត និងក្រោយត្រួតពិនិត្យមើលទូរស័ព្ទដែ បានឆ្លើយចង្អុលថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ជនជាតិម៉ាឡេស៊ី បានប្រើប្រាស់គណនីតេឡេក្រាមទំនាក់ទំនងមកខ្លួន និងបានបញ្ជាឱ្យខ្លួន លើកឧបករណ៍ទាំងអស់នោះ រៀបដាក់លើរថយន្ត ហើយជិះទៅតាមផ្លូវដែលគេចង្អុលប្រាប់ និងបានបង្រៀនឱ្យខ្លួនរៀនចុច លើឧបករណ៍ទាំងអស់នោះ ។

ឧបករណ៍ទាំងអស់នោះ ពិតជារបស់ជនសង្ស័យឈ្មោះ LAI KOK CHING និងយករថយន្តជាមធ្យោបាយធ្វើដំណើរ ហើយបំពាក់ឧបករណ៍ទាំងនេះ ក្នុងការបង្កើត ការដំឡើង ការប្រើប្រាស់ ឬកែប្រែហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពិតប្រាកដមែន។

បន្ទប់មកបានបន្តឆែកឆេរត្រួតពិនិត្យ កន្លែងបង្គុំ ឧបករណ៍ Fake BTS នៅផ្ទះលេខ13 ផ្លូវ278 សង្កាត់បឹងកេង១ ខណ្ឌចំការមន ជាលទ្ធផល៖ Tablet ចំនួន១០គ្រឿង, ម៉ាស៊ីនមេពណ៌ខ្មៅ ចំនួន០៩គ្រឿង, Power Supply ចំនួន១៧គ្រឿង, GSM LTE ពណ៌ស ចំនួន៣០គ្រឿង, ឧបករណ៍សម្រាប់ផ្គត់ផ្គង់ភ្លើងចល័ត (UPS) ពណ៌ខ្មៅ ចំនួន១៣គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង។

ជនសង្ស័យទាំងពីរនាក់ រថយន្តមួយគ្រឿង និងសម្ភារជាច្រើន ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕