ពុទ្ធិកសិក្សា ប្រទេសស្រីលង្កា បើកភ្លើងខៀវឲ្យសមណនិស្សិតកម្ពុជាទៅសិក្សា

06-12-2025 16:45

(កូឡំបូ)៖ ព្រះតេជគុណ មួរូតេត្តូវេ អានន្ទ នាយកត្ថេរ (Muruththettuwe Ananda Nayaka Thera) ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យទីក្រុងកូឡំបូ ប្រទេសស្រីលង្កា តាមរយៈពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាបើកភ្លើងខៀវឲ្យសមណនិស្សិតកម្ពុជាទៅសិក្សា។

សង្ឃដីការរបស់ព្រះអង្គ បានបង្ហាញក្នុងឱកាសព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងគណៈប្រតិភូ និមន្តចូលក្រាបថ្វាយបង្គំ នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំនួបនោះដែរ ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានប្រគេនព្រះពុទ្ធបដិមារសាងអំពីថ្មរកែវ ដ៏ល្អប្រណិត ដែលជារចនាបទ តាមលំនាំប្រពៃណីព្រះពុទ្ធបដិមានៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត។

ក្នុងព្រះជន្ម ៨៤ព្រះវស្សា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យទីក្រុងកូឡំបូ នៃប្រទេសស្រីលង្កា បានមានថេរដិការ ស្ងើចសសើរចំពោះ ព្រះរាជហឬទ័យ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងថ្នាក់ដឹកនាំគណៈសង្ឃពុទ្ធសាសនាកម្ពុជា ដែលកន្លងមកតែងតែបានផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងពុទ្ធសាសនាកម្ពុជា និងស្រីលង្កា។

មិនតែប៉ុណ្ណោះទេគ្រប់ការលំបាកដែលប្រទេសស្រីលង្កាធ្លាប់បានជួបកន្លងមក ក៏តែងតែមានថ្នាក់ដឹកនាំគណៈសង្ឃពុទ្ធសាសនាកម្ពុជា ពុទ្ធសាសនិកកម្ពុជា តែងតែបានចូលរួមជួយក្នុងកិច្ចការមនុស្សធម៌រាប់មិនអស់ផងដែរ។

ក្នុងជំនួបនេះដែរតាមរយៈ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះអង្គក៏មានព្រះទ័យជ្រះថ្លាអនុញាត ប្រសិនបើមានសមណសិស្សមកពីប្រទេសកម្ពុជា ចង់និមន្តមកបន្តការសិក្សា នៅប្រទេសស្រីលង្កា៕