លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ
06-12-2025 17:08
(កំពង់ធំ)៖ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងលោកស្រី លំ គន្ធារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាងលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបញ្ជាក់ថា សមិទ្ធផលនៃសំណង់អគារស្នាក់ការគណបក្សឃុំម្សាក្រង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសក្ខីភាពបង្ហាញពីភាពរឹងមាំរបស់គណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ ហើយក៏បានបង្ហាញឱ្យឃើញពីការត្រៀមលក្ខណៈ រួចជាស្រេច ហើយជានិច្ចកាលតែងតែរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាក្រោមមាគ៌ាដឹកនាំដ៏មោះមុត មានចក្ខុវិស័យច្បាស់លាស់ និងបានប្រកាន់ខ្ជាប់នូវគោលការណ៍ជាក់លាក់គឺ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប្រជាធិបតេយ្យប្រមូលផ្តុំ មតិភាគតិចគោរពមតិភាគច្រើន»។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនដល់អង្គពិធី ព្រមទាំងបាននាំយកអំណោយជាកុំព្យូទ័រ១គ្រឿង និងមាស៊ីនព្រីន១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងស្នាក់ការគណបក្ស សៀវភៅកុមារចំនួន៣៥០ក្បាល សម្រាប់ដាក់ក្នុងបណ្ណាល័យ និងឧបត្ថម្ភដល់សមាជិកសមាជិកាសរុប ៥០០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល។
សូមបញ្ជាក់ថា ក្នុងមូលដ្ឋានស្រុកស្ទោង សមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨ ៨៨១នាក់ ស្រី ៣២ ៨៣៤នាក់ ក្នុងនោះឃុំម្សាក្រង មានសមាជិកគណបក្សប្រជាជនសរុបចំនួន ៤ ៣៦៨នាក់ ស្រី២ ៤៥២នាក់ ស្មើនឹង១ ៥៥៧គ្រួសារ។ សមិទ្ធផលសំណង់អគារគណបក្សប្រជាជនកម្ពុជា ឃុំម្សាក្រង ដែលទើបសាងសង់ថ្មី ត្រូវបានរចនាឡើងមានរាងអក្សរ L (អិល) ព្រមទាំងបំពាក់គ្រឿងបរិក្ខារនានាក្នុងអគារដូចជា សាងសង់របង សាងសង់ផ្ទះបាយ ចាក់ដីបំពេញទីធ្លាគណបក្ស និងតុងតែងលម្អសួនជុំវិញអគារ៕





































































