ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាល និងនាំអំណោយជូនកម្លាំងជួរមុខតាមព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ
06-12-2025 17:11
(ព្រះវិហារ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
អញ្ជើញមានវត្តមានក្នុងពិធីរួមមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហាន នាយទាហានរង, អភិបាលខេត្តព្រះវិហារ និងជាអុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្រ្តៃណ៍ និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព នៃស្ថានភាពក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានធ្វើការថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងប្រតិភូទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងជួរមុខ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបានថ្លែងអំណរគុណចំពោះអគ្គមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់ដើម្បីការពារបូរណភាពទឹកដី និងសុខសុវត្ថភាពរបស់ប្រជាជនកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្តថា ប្រជាជននៅសមរភូមិក្រោយ រួមទាំងក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស តែងតែនៅជាមួយកងកម្លាំង ដែលឈរជើងនៅសមរភូមិជួរមុខគ្រប់កាលៈទេសៈ៕
















