ក្រុមគ្រូពេទ្យ មកពីចិននិងកូរ៉េជាង៣០០នាក់ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកលើកដែក ខេត្តកណ្តាលដោយឥតថ្លៃ តាមរយៈ លោកបណ្ឌិត ហេង វុទ្ធី
06-12-2025 17:15
(ភ្នំពេញ)៖ តាមរយៈលោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគទុនចិននៅកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមគ្រូពេទ្យ មកពីចិននិងកូរ៉េ ជាង៣០០នាក់ បានចុះជួយពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋជាង២ពាន់នាក់ នៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ការចុះជួយពិនិត្យព្យាបាលជំងឺដោយ ឥតគិតថ្លៃនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងសាលាបឋមសិក្សាប៊ូយ៉ុងក្បាលជ្រោយ។ ព្រមជាមួយគ្នានេះ អង្គការរ៉ូតារីអន្តរជាតិបានឧបត្ថម្ភសម្ភារបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យបង្អែកស្រុកដែលមានទឹកប្រាក់៨ម៉ឺនដុល្លារ និងឧបត្ថម្ភប្រមាណ៨ម៉ឺនដុល្លារ សម្រាប់ជួយជួសជុលអគាសាលាបឋមសិក្សាប៊ូយុងក្បាលជ្រោយផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហេង វុទ្ធី មានប្រសាសន៍ថា ការជួយពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋចំនួន២ 000នាក់ រយៈពេល២ថ្ងៃ នេះគឺជាពេលវេលាមួយដែលអាចចែករំលែក ប្រាស្រ័យទាក់ទងជាមួយគ្នា រវាងវេជ្ជបណ្ឌិត និង ក្រុមគ្រូពេទ្យ ហើយបើសិនមានឱកាសលោកចង់ឱ្យអន្តរការរ៉ូតថាវី ជួយជាសម្ភារ ចំណេះដឹង ការបណ្តុះបណ្តាលផ្សេងៗ ដើម្បីឱ្យការជួយនេះចំគោលដៅ យូអង្វែង និងមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ លោកមានប្រសាសន៍ថា ការឧបត្ថម្ភថវិកាសម្រាប់ជួយជួសជុលអគាសាលាបឋមសិក្សាប៊ូយុងក្បាលជ្រោយ ដែលមានទំហំទឹកប្រាក់៨ម៉ឺនដុល្លាគឺពិតជាមានតំលៃណាស់ ស្របពេលដែលសេដ្ឋកិច្ចនៅលើពិភពកំពុងជួបប្រទះកាលំបាក។ លើសពីនេះទៅទៀត ការឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យ គឺជាបរិក្ខាមួយដែលចាំបាច់ និងមានសារៈសំខាន់នៅក្នុងសម័យកាលថ្មី ដែលរដ្ឋាភិបាល យើងយកចិត្តទុកដាក់។
លោកបន្តថា កាយវិការប្រកបដោយមនុស្សធម៌នៅពេលនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងអំពើសប្បុរសធម៌ ក៏ដូចជា ការលះបង់ ការបរិច្ចាគធនធានផ្សេងៗ រួមមានថវិកា ចំណីអាហារ ថ្នាំសង្កូវ សម្ភារប្រើប្រាស់ គឺជាចំណែកមួយ ដែលអាចជួយកាត់បន្ថយការលំបាក ចំពោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងខ្វះខាត ព្រោះសម្ភារនិងឧបករណ៍ទាំងនេះអាចជួយសម្រួលដល់ការពិនិត្យនិងព្យាបាលជំងឺរបស់ពួកគាត់។
លោកបានថ្លែងអំណរគុណចំពោះ លោកស្រីវេជ្ជបណ្ឌិត ជេននី មកពីអង្គការរ៉ូតារីអន្តរជាតិ ព្រមទាំងអង្គការនិងសមាគមសប្បុរសធម៌ និងក្រុមការងារ ដែលបានជ្រើស រើសយកឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់លោក ធ្វើជាទីតាំងសម្រាប់ពិធីសប្បុរធម៌នាថ្ងៃនេះ។
លោបន្ថែមថា «ជាក់ស្តែងណាស់បំណងប្រាថ្នារបស់ខ្ញុំដែលធ្លាប់បានរៀនសូន្យនៅទីនេះ នៅពេលដែលខ្ញុំមាន ចំណេះមានសម្ថតភាព ខ្ញុំនិងមកសងគុណវិញ ដោយការជួយសាងសង់ជាសាលារៀន មន្ទីពេទ្យ ហើយថ្ងៃ នេះជាជំហានដំបូង ដែលបានលោកស្រីវេជ្ជបណ្ឌិត ជេននី, Mr.Daran, Mr.Jeky, Mr.Jason Kim, Mr.Dinn Dos, Mr.Jong Gun) និងសប្បុរសជនទាំងអស់ រៀបចំកម្មវិធីនេះឡើង ខ្ញុំពិតជាមានការរំភើប ដូចក្តីសុបិន្ត របស់ខ្ញុំនិងការរង់ចាំឪកាសនេះជាយូមកហើយ»។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានមានប្រសាសន៍ថា ការរៀបចំឱ្យមានកម្មវិធីសប្បុរសធម៌ និងការពិនិត្យជំងឺឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ក្នុងឃុំកំពង់ភ្នំ និងឃុំព្រែកទន្លាប់ ប្រមាណ២០០០នាក់ ដោយពិនិត្យលើជំងឺទូទៅ និងផ្តល់ជាអំណោយមនុស្សធម៌នាឱកាសនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ របស់លោក ហេង វុទ្ធី ចំពោះស្រុកកំណើត។
បន្ដែមពីនេះ លោកកត់សម្គាល់ថា កន្លងមក លោក ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគទុនចិននៅកម្ពុជា បានផ្តល់ជំនួយយ៉ាងច្រើនក្នុងការកសាងសមិទ្ធផលជាច្រើននៅក្នុងវត្តបទុមវង្សា។ ហើយថ្ងៃនេះ គឺជាថ្ងៃពិសេសមួយទៀត ដែលលោកបានផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង៕


























