សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី
06-12-2025 18:00
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកមរណទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម និងលោកជំទាវ, លោកជំទាវ សាត ណាវី, ក្មួយ ដួង វិបុល, ចៅ ដួងខៀវ វិបុលឌីណា និងចៅ ដួងខៀវ វិបុលកុលវឌ្ឍនៈ ចំពោះការបាត់បង់ ក្មួយស្រី ខៀវ រ៉ាវី ដែលត្រូវជាកូន កូនប្រសារ ភរិយា និងជាម្តាយ ជាទីស្រឡាញ់របស់គ្រប់គ្នា ប្រកប ដោយក្តីក្ដុកក្ដួលអួលអាក់ឥតឧបមាគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ខ្ញុំសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ក្មួយស្រី ខៀវ រ៉ាវី សូមឆាប់បានទៅ ចាប់បដិសន្ធិនៅទីឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕






