ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី

06-12-2025 18:08

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកមរណទុក្ខនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបាត់បង់កូន ស្រីជាទីស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយកតញ្ញូចំពោះឪពុកម្តាយ និងក្រុមគ្រួសារ។ ទោះបីរូបកាយ លោកស្រី ខៀវ រ៉ាវី បានបាត់បង់ទៅពិតមែន តែកុសលកម្ម កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកស្រី នឹងនៅ ស្ថិតស្ថេរក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំនិងភរិយាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាម បីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ខៀវ រ៉ាវី សូមបានដល់ឋានបរមសុខ និងឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕